v9
V9BET

ឡៅ ចិត្រ្តា វ៉ៃ លន បញ្ញា ឡើងធ្លាក់ក្អូត ដើម្បីយកខ្សែក្រវាត់មាស និងប្រាក់រង្វាន់១ម៉ឺនដុល្លារ

1 month ago​ | ដោយ V-Dr

កីឡាករជើងខ្លាំង ឡៅ ចិត្ត្រា បានប្រើបច្ចេកទេសប្រកួតដ៏សម្បូរបែបរបស់ខ្លួន ក្នុងការវ៉ៃប្រហារទៅលើ លន បញ្ញា ឲ្យសន្លប់ ជាមួយការធ្លាក់ក្អួតដ៏គួរឲ្យអាណិត ដើម្បីគ្រប់គ្រងខ្សែក្រវាត់មាស ទម្ងន់៦០គីឡូក្រាម អមជាមួយប្រាក់រង្វាន់១ម៉ឺនដុល្លារ ពីព្រឹត្តិការណ៍អធិរាជគុនខ្មែរ ISI Palm នៅលើសង្វៀន PNN។

តាមរយៈការប្រកួត កាលពីថ្ងៃអាទិត្យនោះ ឡៅ ចិត្ត្រា បានវាយសម្រុកទៅលើ លន បញ្ញា ភ្លាមៗ។ បើទោះបីជា លន បញ្ញា បានបង្ហាញភាពផ្គើន ក្នុងការវាយបក ដោយការទាត់ និងបុកជង្គង់ ប៉ុន្តែ ឡៅ ចិត្ត្រា ដែលមានប្រៀបទាំងទៅលើបទពិសោធ និងល្បឿននៃការវាយចេញនោះ គឺបានវាយសង្រ្គប់ទៅលើ លន បញ្ញា បានយ៉ាងល្អបំផុត។

ឡៅ ចិត្ត្រា បានម៉ាត់ ទាត់ បុកជង្គង់ទៅលើ លន បញ្ញា ចំគោលដៅពេញៗ ហើយនៅពេលដែល លន បញ្ញា កំពុងវិលវល់ និងទល់ច្រកជាមួយការវាយប្រហារយ៉ាងចាស់ដៃនេះ ឡៅ ចិត្ត្រា បានម៉ាត់ចូលថ្គាមពេញៗបន្ថែមទៀត រួចបន្ថែមដោយកែងឆ្វេង បណ្តាលឲ្យ លន បញ្ញា ដួលទាំងវង្វេង និងត្រូវបានអាជ្ញាកណ្តាលរាប់ភ្លាមៗ។

សំឡេងជួរបញ្ចប់ទឹកទី១ បានជួយសង្គ្រោះ លន បញ្ញា ឲ្យរួចផុតពីការសន្លប់បានមួយគ្រា ប៉ុន្តែឈានចូលទឹកទី២ ឡៅ ចិត្ត្រា បានវាយសម្រុកយ៉ាងខ្លាំង ហើយនៅពេល លន បញ្ញា ស្ថិតក្នុងស្ថានភាពវិលវល់នោះ ចិត្ត្រា វាយកែងឆ្វេងចូលថ្គាម រួចបុកជង្គង់ចូលពោះទឹកនិងវាយកែងឆ្វេងចូលថ្គាម បណ្តាលឲ្យ លន បញ្ញា ដួលដេក ជាលើកទី២។

លោកអាជ្ញាកណ្តាល បានធ្វើការរាប់ជាលើកទី២ ភ្លាមៗទៅលើ លន បញ្ញា ប៉ុន្តែ បញ្ញា មិនត្រឹមតែមិនអាចក្រោករួចនោះទេ ប៉ុន្តែថែមទាំងបានធ្លាក់ក្អួត នៅលើគម្រាលសង្វៀន ដ៏គួរឲ្យសង្វេគ ហើយការចាញ់ដោយសន្លប់ទាំងវេទនានេះ បានធ្វើឲ្យរូបគេបានត្រឹមជើងឯងរង អមជាមួយប្រាក់រង្វាន់៨លានរៀល ចំណែក ឡៅ ចិត្ត្រា បានក្លាយជាម្ចាស់ខ្សែក្រវាត់ និងប្រាក់រង្វាន់១ម៉ឺនដុល្លារ។

ការផ្តួល លន បញ្ញា ឲ្យសន្លប់ត្រឹមទឹកទី២នេះ បានធ្វើឲ្យ ឡៅ ចិត្ត្រា ក្លាយជាកីឡាករកម្ពុជាតែម្នាក់គត់ ដែលបានឈ្នះបានខ្សែក្រវាត់ ដោយការផ្តួលគូប្រកួតឲ្យសន្លប់ទាំងអស់ ព្រោះ២ប្រកួត ក្នុងវគ្គជម្រុះ ចិត្ត្រា បានវ៉ៃថៃឲ្យសន្លប់ក្នុងទឹកទី២ដូចគ្នា ហើយនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចិត្រ្តា បានម៉ាត់ឲ្យ ឡុង ជិន សន្លប់ត្រឹមរយៈពេល១នាទី ក្នុងទឹកទី១។

ជុំវិញការសម្រេចផ្តួល លន បញ្ញា ត្រឹមទឹកទី២នេះ ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ឡៅ ចិត្ត្រា បាននិយាយក្រោយការប្រកួតថា៖«ដំបូងខ្ញុំយល់ថា គាត់ (លន បញ្ញា)តាំងចិត្តមកវាយ ដូច្នេះយ៉ាងហោចណាស់ក៏បាន៤ទៅ៥ទឹកដែរ។ ប៉ុន្តែក្រោយគាត់ចូលពីបីជង្គង់នៅទឹកទី១ កម្លាំងគាត់ហាក់ធ្លាក់ចុះ ហើយពេលនោះខ្ញុំគិតថា មិនបាន៣ទឹកទេ។ បន្ទាប់ពីឃើញគាត់រាងទ្រុឌទ្រោម ខ្ញុំក៏វាយផ្តាច់តែម្តងទៅ»។

សិស្សគណក្លិបកងពលតូចទ័ពពិសេសឆត្រយោង៩១១ ឡៅ ចិត្ត្រា ដែលធ្លាប់ឈ្នះបានខ្សែក្រវាត់ នៅសង្វៀន CNC និងសង្វៀនបាយ័ន ផងនោះ បានបន្ថែមថា៖ «ខ្សែក្រវាត់នេះ មានប្រាក់រង្វាន់ច្រើន ហើយខ្ញុំដណ្តើមបានរាងស្រួលជាងការប្រកួតខ្សែក្រវាត់មុនៗ ព្រោះខ្សែក្រវាត់២ទៀត ដែលខ្ញុំដណ្តើមបាន មានការពិបាក ដោយសារខ្ញុំត្រូវប៉ះសុទ្ធតែជាកីឡាករ មានលំដាប់លើខ្ញុំ»។

បើតាមការប្រកាស នៅក្រោយការប្រកួតនោះ បានឲ្យដឹងថា ក្រុមហ៊ុន ISI Palm និងបន្តឧបត្ថម្ភដល់ PNN ដើម្បីរៀបចំឲ្យមានការប្រកួតដណ្តើមខ្សែក្រវាត់មាស រដូវកាលទី២ ជាបន្តទៀត ហើយតាមលោក ស្រ៊ឺ ស្រេង អ្នកគ្រប់គ្រងកម្មវិធីកីឡា នៅ PNN បានឲ្យដឹងថា ការរដូវកាលទី២ នឹងធ្វើក្នុងទម្ងន់៥៧គីឡូក្រាមវិញម្តង៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.