v9
V9BET

មិត្តភ័ក្ដិ ចាន់ រតនា Phoe Thaw ជួបជើងខ្លាំងកូរ៉េខាងត្បូង Yoon Chang Min នៅសង្វៀន ONE: CENTURY

7 days ago​ | ដោយ V-Dr

អ្នកលេងគុនចម្រុះមីយ៉ាន់ម៉ា Phoe Thaw ឬ រហស្សនាមថា « Bushido » ដែលជាមិត្តភ័ក្ដិស្និទ្ធស្នាលនឹងចាន់ រតនា ត្រូវតតាំងនឹងជើងខ្លាំងគុនចម្រុះកូរ៉េខាងត្បូង Yoon Chang Min ឬ គេស្គាល់ថា «The Big Heart» នៅសង្វៀន ONE: CENTURY PART I។ តារាក្បាច់គុនលេចធ្លោបានចាកចេញពីស្រុកកំណើតនិងគ្រួសាររួមទាំងក្លិប Team PT ដើម្បីត្រៀមលក្ខណៈរួចរាល់ក្នុងការប្រកួតគុនចម្រុះលើប្រភេទទម្ងន់ Featherweight ដែលជាព្រឹត្តិការណ៍ធំបំផុតរបស់ខ្លួន។ «Bushido» បានត្រៀមរួចជាស្រេចដើម្បីយកជ័យជម្នះនៅរេញ Ryogoku Kokugikan នាថ្ងៃអាទិត្យទី ១៣ តុលា ខាងមុខនាក្រុងតូក្យូប្រទេសជប៉ុន។

កីឡាករមកពីក្រុង យ៉ុំាងហ្គោន បានហ្វឹកហាត់បង្កើនជំនាញចាប់ ជាមួយកីឡាករជប៉ុន Shunichi Shimizu និងមិត្តរួមក្រុមផ្នែកគុនចម្រុះជាច្រើនទៀតក្នុងគោលដៅឈានដល់ចំណុចល្អបំផុត។
«ពួកគេស្វាគមន៍ខ្ញុំដោយភាពរីករាយអស់ពីបេះដូង។ ពួកគេផ្ដល់ឲ្យខ្ញុំនូវអាទិភាពចំពោះម៉ោងហ្វឹកហាត់ និង ជួយខ្ញុំឲ្យរីកចម្រើនដែលជាតម្រូវការសម្រាប់ការប្រកួតនេះ» ។ Phoe Thaw បង្ហើបបែបនេះ។

កីឡាករវ័យ ៣៤ ឆ្នាំរូបនេះក៏បានចំណាយពេលវេលាខ្លះដើម្បីហ្វឹកហាត់នៅក្លិបប្រដាល់ Tiger Muay Thai នៅ Phuket ប្រទេសថៃផងដែរ ប៉ុន្តែ អ្វីដែលផ្ដោតសំខាន់ខ្លាំងគឺតិកនិកបោក-ចាប់ ជាមួយកីឡាករចំបាប់ និង ជើងខ្លាំងយូដូនៅប្រទេសជប៉ុន។ ជាមួយគ្នានោះ «Bushido» ក៏មានជំនាញខាងកណ្ដាប់ដៃនិងជើងដែលក្នុងនោះគេមានកំណត់ត្រារហូតដល់ ៨៨% វាយដៃគូឲ្យសន្លប់នៅសង្វៀន The Home Of Martial Arts ដោយប្រើជំនាញក្បាច់ ឡេតវេ និងការ៉ាតេដូ ហើយការបញ្ចប់គូប្រកួត គឺជាការចងចាំមិនអាចបំភ្លេចបាននៅសង្វៀន ONE។ បែបណាក្ដីកីឡាករកូរ៉េខាងត្បូង Yoon ក៏បង្ហាញខ្លួនបានល្អដែរដោយវាយដៃគូឲ្យសន្លប់ និង វាយឲ្យចុះចាញ់ក្នុងការប្រកួត២លើកដំបូងនៅសង្វៀន ONE។ ដូច្នេះ «Bushido» ត្រូវតែផ្ដោតអារម្មណ៍ឲ្យខ្លាំងក្លា និង ត្រូវប្រយ័ត្នគ្រប់កាលៈទេសៈ។

Phoe Thaw រៀបរាប់ថា ៖«គេ [Yoon] ពូកែខាងចំបាប់ និង ប្រដាល់សកល។ ហើយខ្ញុំត្រូវបានគេដឹងថាជាអ្នកពូកែខាងប្រយុទ្ធជំហរឈរ។ ដូច្នេះ គេច្បាស់ជារៀបចំផែនការប្រកួតជាមួយខ្ញុំនៅជំហរដេកមិនខាន។ ខ្ញុំត្រូវតែតតាំង និង តេស្តសមត្ថភាពចំពោះចំណុចខ្សោយរបស់ខ្ញុំ។ ខ្ញុំនឹងបំពេញចំណុចខ្សោយទាំងនេះ។ ខ្ញុំមិនអាចចាញ់ងាយៗដោយក្បាច់ចំបាប់នោះទេ។ ការរៀបចំផែនការហ្វឹកហាត់របស់ខ្ញុំ គឺ ហាត់ជាមួយនឹងក្បាច់ដេក និង ហាត់ជាមួយកីឡាករចំបាប់។ ដូច្នេះវាជាបទពិសោធន៍ដ៏មានប្រយោជន៍សម្រាប់ខ្ញុំពេលខ្ញុំប្រកួត»។

យ៉ាងណាក្ដីកីឡាករមកពីយុំាងហ្គោនសង្កត់ធ្ងន់ថា ៖«វាជារឿងពិបាកសម្រាប់ខ្ញុំដើម្បីម៉ិក ឬទាយទុកមុន។ ខ្ញុំត្រូវប្រយុទ្ធផងនិងស្ទាបស្ទង់ ហើយមើលស្ថានភាពជាក់ស្ដែង។ អ្វីជាគុណវិបត្តិរបស់ខ្ញុំគឺ កម្លាំងកាលប្រកួតពីមុន។ ខ្ញុំត្រូវកែតម្រូវចំណុចនេះដើម្បីឈានដល់ចំណុចកំពូល»។

Phoe Thaw មានមហិច្ឆតាប្រកួតឲ្យល្អបំផុតពេលប៉ះគូប្រកួតខ្លាំងៗ និង បង្កើតកំណត់ត្រាដ៏អស្ចារ្យលើសង្វៀនជាប្រវត្តិសាស្ត្រនៅក្រុង តូក្យូដោយបន្សល់ទុករាល់ស្នាមញញឹម។ ម្ចាស់ពាន ONE Myanmar Featherweight Tournament 2016 Champion មានទំនុកចិត្តដើម្បីបង្កើតកំណត់ត្រាជ័យជម្នះនៅជប៉ុន។ កីឡាករមីយ៉ាន់ម៉ាបានគូសបញ្ជាក់ថា៖«ខ្ញុំមិនអាចចេះតែរកនឹកវ៉ៃតាមចិត្តចង់នោះទេ។ ព្រោះគេអាចចូលចាប់ និង ក្បាច់ប្រយុទ្ធល្អ។ ដូច្នេះខ្ញុំត្រូវរកវិធីដើម្បីតតាំងគេ។ ខ្ញុំនឹងប្រើក្បាច់វាយបកដើម្បីផ្ដួលរូបគេឲ្យសន្លប់លឿនៗ។ បើមិនអាចធ្វើតាមផែនការទេ នោះលទ្ធផលនឹងបរាជ័យ»។

ONE: CENTURY ជាការប្រកួតគុនចម្រុះលំដាប់ពិភពលោកមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ក្នុងនោះមានការប្រកួតដណ្ដើមខ្សែក្រវាត់ ជាច្រើនដូចជាវគ្គផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង៣ប្រភេទទម្ងន់ផ្សេងគ្នា ហើយមានគូប្រកួតជើងឯកពិភពលោក ប៉ះជើងឯកពិភពលោក។

កុំភ្លេចតាមដាន កម្មវិធីកក្រើកមិនធ្លាប់មានគម្រប់១០០លើកនៃការរៀបចំការប្រកួតរបស់ស្ថាប័ន ONE Championship ត្រូវបានដាក់ឈ្មោះថា ONE: CENTURY។ ONE CENTURY នឹងរៀបចំឡើងនៅថ្ងៃទី ១៣ តុលា ខាងមុខនឹងផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ៩ យប់តទៅ (ម៉ោងកម្ពុជា) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA។

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ ស៊ីធី

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.