v9
V9BET

CAMSOC នឹងបង្កើតត្រាផ្ទាល់ខ្លួន សម្រាប់ប្រើប្រាស់ ក្នុងយន្តការ ឆ្ពោះទៅស៊ីហ្គេម ២០២៣

7 days ago​ | ដោយ V-Dr

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC ដែលមានលោកឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការពារជាតិ ទៀ បាញ់ ជាប្រធាននោះ នឹងសុំគោលការណ៍ទៅរាជរដ្ឋាភិបាល គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីបង្កើតត្រាផ្ទាល់ខ្លួន យកមកប្រើប្រាស់ សម្រាប់បំពេញការងារ ក្នុងដំណើរឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលត្រូវធ្វើនៅកម្ពុជា។

ការឯកភាពគ្នា ក្នុងការស្នើសុំគោលការណ៍បង្កើតត្រាផ្ទាល់ខ្លួននេះ ត្រូវបានធ្វើឡើង ទៅតាមការណែនាំរបស់លោក ទៀ បាញ់ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣ ឆ្នាំ២០១៩ និងទិសដៅបន្តរបស់ CAMSOC នៅវិមានមិត្តភាព កាលពីថ្ងៃអង្គារ ម្សិលមិញ ព្រោះការអនុវត្តការងារកន្លងមកនេះ គឺ CAMSOC បានប្រើប្រាស់ត្រារបស់គណៈកម្មា ធិការជាតិអូឡាំពិក (NOCC) ជាបណ្តុះអាសន្នទេ។

ទាក់ទងនឹងបញ្ហានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានថ្លែង ក្រោយកិច្ចប្រជុំ កាលពីព្រឹកថ្ងៃអង្គារនោះថា៖«ក្រៅពីវឌ្ឍនភាពការងារ ដែលយើងបានធ្វើកន្លងមកនេះ គឺយើងនៅមានបញ្ហាការងារជាច្រើន ដែលត្រូវដោះស្រាយ និងត្រូវកែសម្រួលជាប្រចាំ អ៊ីចឹងក្នុងកិច្ចប្រជុំនេះ សម្តេចប្រធាន បានធ្វើការណែនាំ និងផ្តល់អនុសាសន៍បន្ថែម ឲ្យកែសម្រួលរចនាសម្ព័ន្ធមួយចំនួន ទាក់ទងទៅនឹងការរៀបចំអនុក្រឹត្យ ស្តីពីការរៀបចំឲ្យមានត្រារបស់ CAMSOC ព្រោះកន្លងមក យើងប្រើត្រារបស់ NOCC»។

លោកបញ្ជាក់ថា៖«កាលណាគណៈកម្មាធិការ CAMSOC មានយន្តការដើរហើយ គឺត្រូវតែមានត្រារបស់ខ្លួន ដើម្បីឲ្យស្របទៅនឹងអនុលោមភាពនៃហិរញ្ញវត្ថុផង និងនិយាមនៃរដ្ឋបាលផង គឺបង្កើតឲ្យស្របគ្នាទៅតាមយន្តការទាំងអស់ ដែលកំពុងតែដំណើរការ និងឆ្ពោះទៅរកស៊ីហ្គេម ដើម្បីឲ្យគេស្គាល់ថា យើងមានត្រាពិតប្រាកដ»។

លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការ NOCC ផងនោះ បានបន្ថែមថា៖«យើងនឹងប្រើ Logo របស់ហ្គេម ធ្វើជា Logo របស់ CAMSOC បន្ថែមទៀត គឺយើងនឹងដាក់អែបគ្នាបន្តទៀត ព្រោះមិញនេះ ទាំងត្រា និង Logo យើងបានបង្ហាញហើយ ហើយត្រា និង Logo នេះ សម្តេចពិជ័យសេនា បានណែនាំឲ្យយើងសុំគោលការណ៍ទៅរាជរដ្ឋាភិបាល សម្តេចតេជោ បន្ថែមទៀត»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.