v9
V9BET

អ្នកជំនាញ CAMSOC ថា ការកំណត់ប្រភេទកីឡា ជាយន្តការសំខាន់ ត្រូវធ្វើមុនគេ សម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេម ២០២៣

7 days ago​ | ដោយ V-Dr

អ្នកជំនាញ ដែលអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) លោក វ៉ាត់ ចំរើន បានចាត់ទុកការកំណត់ប្រភេទកីឡា សម្រាប់អភិវឌ្ឍ ថា ជាយន្តការ ឬជាឧបករណ៍ដំបូងគេ សម្រាប់ធ្វើឲ្យយន្តការផ្សេងទៀត អាចដំណើរការបាន សម្រាប់ការឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២៣។

លោក វ៉ាត់ ចំរើន បានថ្លែងថា៖«ជាទូទៅ សម្រាប់ការរៀបចំការប្រកួតកីឡាខ្នាតធំមួយ មុននឹងធ្វើអ្វីទាំងអស់ គឺត្រូវកំណត់ប្រភេទកីឡា ទើបយន្តការផ្សេងទៀត អាចដើរបាន ព្រោះកាលណាយើងកំណត់ប្រភេទកីឡាបានហើយ គេអាចកំណត់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងអាចអភិវឌ្ឍធនធានមនុស្ស ធនធានកីឡាករ ព្រមទាំងអាចធ្វើការរៀបចំការប្រកួតបាន អ៊ីចឹងការកំណត់ប្រភេទកីឡា ជាឧបករណ៍ទី១ សម្រាប់ធ្វើឲ្យយន្តការផ្សេងៗ ដើរទៅតាមការកំណត់ប្រភេទកីឡានោះ»។

គួររំឭកថា នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣ ឆ្នាំ២០១៩ និងទិសដៅបន្តរបស់ CAMSOC កាលពីថ្ងៃអង្គារ ម្សិលមិញ លោក វ៉ាត់ ចំរើន បានស្នើសុំទៅលោក ទៀ បាញ់ ដែលជាប្រធាន CAMSOC ឲ្យសម្រេចដាក់ប្រភេទកីឡាចំនួន៣៨ ដែលបានកំណត់ ទៅក្នុងកម្មវិធីបណ្តុះបណ្តាលរបស់គណៈកម្មការមួយនេះ ដើម្បីធ្វើការវាយតម្លៃ និងកាត់ចោលវិញ នៅប្រភេទកីឡា ដែលមិនមានការរីកចម្រើន គឺទុកប្រហែល៣៣ ឬ៣៤ប្រភេទកីឡាប៉ុណ្ណោះ សម្រាប់ដាក់ឲ្យចូលរួមប្រកួតប្រជែង នៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣។

ជាមួយគ្នានោះ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖«ការកំណត់ប្រភេទកីឡានេះ ដើម្បីអភិវឌ្ឍទេ មិនមែនថា ការកំណត់ប្រភេទកីឡាហ្នឹង បញ្ជូលទៅក្នុងកម្មវិធីស៊ីហ្គេមទេ ព្រោះ CAMSOC នឹងធ្វើការតាមដាន និងវិនិច្ឆ័យកំណត់ចុងក្រោយ ថាតើប្រភេទកីឡាណា យើងត្រូវដាក់ចូល ក្នុងស៊ីហ្គេម ឆ្នាំ២០២៣»។

លោកបានបន្ថែមថា៖«ក្រោយការប្រកួតស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន គណៈកម្មាធិការ CAMSOC នឹងធ្វើការវិនិច្ឆ័យលើកទី១ ទៅលើសហព័ន្ធ ឬប្រភេទកីឡា ដែលទទួលបានលទ្ធផលល្អ និងមានសក្តានុពល ហើយនៅឆ្នាំ២០២១ គឺក្រោយស៊ីហ្គេម នៅវៀតណាម យើងនឹងធ្វើការកំណត់ជាលើកចុងក្រោយ ហើយបន្ទាប់មកយើងបែងចែកការកំណត់នេះ ទៅក្នុងកម្មវិធីរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ របស់យើងតែម្តង»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.