v9
V9BET

អ្នកឈ្នះមេដាយពីការប្រកួតជើងឯកអាស៊ី ទទួលបានប្រាក់រង្វាន់ពីសម្តេច ស ខេង

1 week ago​ | ដោយ V-Dr

កីឡាករ កីឡាការិនី ដែលទើបបានបានឈ្នះមេដាយ ពីការប្រកួតកីឡាសូហ្វតិន្នីសជើងឯកអាស៊ី ទាំង២ព្រឹត្តិការណ៍ នៅប្រទេសហ្វីលីពីន កាលពីខែសីហា និងខែកញ្ញា កន្លងមកនេះ ត្រូវបានលោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស ខេង ដែលជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដ៏ពិសេសមួយ។

ប្រាក់រង្វាន់របស់សម្តេចក្រឡា ស ខេង ត្រូវបានលោក ជា ប៊ុនហេង ដែលជាអនុប្រធានទី១ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានយកមកប្រគល់ជូនដល់ម្ចាស់មេដាយសំរឹទ្ធ
ជើងឯកអាស៊ី ទាំង២កម្រិត នៅអគារមជ្ឈមណ្ឌលកីឡារបស់ក្រសួងមហាផ្ទៃ ក្នុងពហុកីឡដ្ឋានជាតិ កាលពីព្រឹកថ្ងៃអង្គារនេះ ដោយក្នុងនោះអ្នកឈ្នះបានមេដាយសំរឹទ្ធ ទទួលម្នាក់៣០០ដុល្លារ អ្នកឈ្នះមេដាយសំរឹទ្ធក្រុម បាន៩០០ដុល្លារ ហើយអ្នកមិនដណ្តើមបានមេដាយ ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តផងដែរ។

គួររំឭកថា សម្រាប់ការប្រកួតជើងឯកយុវជនអាស៊ី (The 1st Asian Junior Soft Tennis Championship 2019) កាលពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែសីហា នៅប្រទេសហ្វីលីពីន កន្លងមកនេះ ក្រុមសូហ្វតិន្នីសកម្ពុជា ដណ្តើមបានមេដាយសំរឹទ្ធចំនួន៣ ដោយក្នុងនោះ កីឡាករ សាយ សុចិត្ត្រា ដណ្តើមបានមេដាយនេះលើវិញ្ញាសាឯកត្តជន ហើយ សាយ សុចិត្ត្រា ដដែល បានចាប់ដៃជាមួយ សំ ចាន់កាប៊ី ឈ្នះបានមេដាយសំរឹទ្ធទី២ឲ្យកម្ពុជា លើវិញ្ញាសាវាយគូ ខណៈមេដាយសំរឹទ្ធ១ទៀត រកបានដោយការប្រកួតជាក្រុម ដែលមានគ្នា៦នាក់។

ចំណែកការប្រកួតកីឡាសូហ្វតិន្នីសនិស្សិតសាកលវិទ្យាល័យអាស៊ី លើកទី១ ឆ្នាំ២០១៩ (The 1st University Soft Tennis Championship 2019 ) ដែលបានធ្វើពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា នៅប្រទេសហ្វីលីពីនដែរនោះ គឺមានតែកីឡាករ កាន់ សោភ័ណ្ឌ ម្នាក់គត់ ដែលដណ្តើមបានមេដាយសំរឹទ្ធ លើវិញ្ញាសាឯកត្តជន ខណៈព្រឹត្តិការណ៍នេះ កម្ពុជា បានបញ្ជូនអត្តពលិកចំនួន១០នាក់ (ស្រី៦នាក់) ទៅចូលរួម។

យ៉ាងណាក៏ដោយ លោក ជា ប៊ុនហេង ដែលថ្លែងថា៖ «បើទោះបីជាយើង ដណ្តើមបានត្រឹមមេដាយសំរឹទ្ធ ប៉ុន្តែក្រុមសូហ្វតិន្នីសកម្ពុជា នៅតែស្ថិតក្នុងចំណោមប្រទេស ដែលខ្លាំង ព្រោះការប្រកួតជើងឯកអាស៊ីនេះ មានប្រទេសចូលរួមច្រើន អ៊ីចឹងលទ្ធផលនេះវាល្អហើយ សម្រាប់យើង»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.