v9
V9BET

មានការប្រណាំងក្របី សេះ និងប្រកួតចំបាប់បុរាណ ទ្រង់ទ្រាយធំមួយទៀត ក្នុងថ្ងៃភ្ជុំបិណ្ឌធំ

3 weeks ago​ | ដោយ V-Dr

ក្រៅពីការប្រកួតកីឡាប្រពៃណី នៅវិហារសួគ៌ គឺមានការប្រកួតប្រណាំងក្របី សេះ និងចំបាប់បុរាណ ជាលក្ខណៈបែបប្រពៃណី មួយទៀត ដែលមានទ្រង់ទ្រាយធំផងដែរ ហើយព្រឹត្តិការណ៍នោះ ធ្វើនៅវត្តសន្ធរ ស្ថិតនៅភូមិសន្ធរ ឃុំសន្ធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល គឺមានចម្ងាយឆ្ងាយជាងវត្តវិហារសួគ៌ ប្រហែល៥គីឡូម៉ែត្រប៉ុណ្ណោះ។

តាមគណៈកម្មការរៀបចំការប្រកួតកីឡាប្រពៃណី នៅសន្ធរ បានអះអាងថា ការប្រកួតកីឡាប្រពៃណីនៅសន្ធរ គឺមានទ្រង់ទ្រាយធំប្រហាក់ប្រហែលនៅវិហារសួគ៌ ហើយក៏មានអាយុកាល យូរឆ្នាំដូចគ្នា ហើយកាលពីឆ្នាំមុន មានការប្រណាំងក្របីជិត៣០គូ ប្រណាំងសេះជិត៣០គូ និងមានការប្រកួតចំបាប់បុរាណជិត៤០គូ។

តាមការអះអាងនេះ អាចបង្ហាញបានថា ទាំងចំនួនក្របី សេះ និងអ្នកចំបាប់ ដែលបានចូលរួម ក្នុងការប្រកួតកីឡាប្រពៃណី នៅសន្ធរ គឺច្រើនជាងការប្រណាំងក្របី និងសេះ នៅវិហារសួរ ដែលមានក្របីត្រឹម១៩គូ សេះចំនួន២៥គូ កាលពីឆ្នាំមុន ខណៈចំនួនក្របី នៅវិហារសួគ៌ ឆ្នាំនេះ មានការថយចុះជាងឆ្នាំមុន គឺនៅសល់ត្រឹម១៦គូទេ ចំណែកការប្រកួតចំបាប់បុរាណ គឺមានចំនួនប្រហាក់ប្រហែលគ្នា។

លោក ស៊ឹម សេស ដែលជាគណៈកម្មការមួយរូប ក្នុងការប្រកួតកីឡាប្រពៃណីនៅសន្ធរ បានប្រាប់ថា៖ «ការប្រកួតកីឡាប្រពៃណីនៅសន្ធរនេះ មានអាយុកាលយូរលង់ណាស់មកហើយ ដោយយើងបាននាំគ្នាធ្វើបន្តពីជីដូនជីតារបស់យើង ហើយទំហំនៃការរៀបចំ និងចំនួនអ្នកចូលរួមទស្សនា គឺប្រហាក់ប្រហែលនៅវិហារសួរដែរ គ្រាន់តែថា នៅវិហារសួរ មានការផ្សព្វផ្សាយ បានទូលំទូលាយ ជាងនៅសន្ធររបស់យើង»។

លោកបានបន្ថែមថា៖«កាលពីឆ្នាំមុន មានការប្រណាំងក្របី និងសេះ ជិត៣០គូដូចគ្នា និងមានការប្រកួតចំបាប់បុរាណជិត៤០គូ ចំណែកភ្ជុំបិណ្ឌធំ ឆ្នាំនេះ យើងនៅមិនទាន់ដឹងចំនួនច្បាស់នៅឡើយទេ ប៉ុន្តែជាធម្មតា ចំនួនក្របី សេះ និងអ្នកលេងចំបាប់ មិនក្រោមពីឆ្នាំមុននោះទេ ពិសេសការប្រណាំងក្របី គឺគ្មានការធ្លាក់ចុះនោះទេ ព្រោះប្រជាពលរដ្ឋរបស់យើង នៅតែបន្តចិញ្ចឹមក្របីទុកមើល ដោយសារពួកគាត់ស្រឡាញ់ និងទុកវា សម្រាប់យកប្រណាំងគ្នាបែបនេះ គឺយើងបានរួមគ្នានាំគ្នាថែរក្សា ព្រោះមិនចង់ឲ្យកីឡាប្រពៃណីរបស់ដូនតានេះ បាត់បង់ឡើយ»។

យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតកីឡាប្រពៃណី នៅសន្ធរ ឆ្នាំនេះ នឹងយកមកធ្វើនៅក្នុងសាលាទួលបាសាន ជិតវត្តសន្ធរវិញម្តង ដោយសារទីធ្លា នៅក្នុងវត្តសន្ធរ ពេលនេះ ត្រូវបានដាំដូង និងដើមឈើទៅហើយ ហើយតាមលោក ស៊ឹម សេស បានឲ្យដឹងថា ការប្រណាំងក្របី និងសេះ នឹងធ្វើចន្លោះពីម៉ោង៦ ដល់ម៉ោង៧ព្រឹក នាថ្ងៃទី២៨ ខែកញ្ញ ចំណែកពីម៉ោង៩ ដល់ម៉ោង១២ ជាការប្រកួត ចំបាប់បុរាណ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.