v9
V9BET

ក្រុមកល្បុក្កតោ រំពឹងជោគជ័យ នៅស៊ីហ្គេម ក្រោយឈ្នះមេដាយមាស៧ នៅកូរ៉េ

3 weeks ago​ | ដោយ V-Dr

ការដណ្តើមបានមេដាយមាសចំនួន៧ រួមជាមួយមេដាយប្រាក់ និងសំរឹទ្ធចំនួន៦ទៀត ក្នុងការប្រកួត៣ព្រឹត្តិការណ៍ផ្សេងគ្នា នៅប្រទេសកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ បានធ្វើឲ្យក្រុមល្បុក្កតោកម្ពុជា មានការជឿជាក់ថា ពួកគេ នឹងអាចបន្តទទួលបានជោគជ័យ គឺការរំពឹងដណ្តើមបានមេដាយ ក្នុងការប្រកួតស៊ីហ្គេម នៅប្រទេសហ្វីលីពីន នាចុងឆ្នាំ២០១៩នេះ។

តាមរបាយការណ៍របស់លោក អ៊ូ តារាង អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងជាប្រធានប្រតិភូដឹកនាំការប្រកួត បានឲ្យដឹងថា សម្រាប់ការប្រកួតនៅប្រទេសកូរ៉េ នៅលើ៣ព្រឹត្តិការណ៍ផ្សេងគ្នា កាលពីពេលថ្មីៗនេះ ក្រុមល្បុក្កតោកម្ពុជា ដណ្តើមបានមេដាយមាស៧ ប្រាក់៣ និងសំរឹទ្ធ៣។

យោងតាមរបាយការណ៍ដដែលនេះ បានលម្អិតថា ក្រុមល្បុក្កតោ បានឈ្នះមេដាយមាសចំនួន៦ ពីការប្រកួតកីឡា ARNIS ក្នុងព្រឹត្តិការណ៍ Philippine Arnis Goodwill Game and Pre-sea Game Arnis Tournament 2019 លើវិញ្ញាសា live Stick ដែលមាន៧ប្រទេសចូលរួម ហើយអ្នកឈ្នះមេដាយមាសទាំងនោះរួមកីឡាករ ឈឹម សីលា, មឿន ប៊ុនលី, សុខ ប៊ុនយ៉ុង, ពេជ្រ ពន្លឺ កីឡាការិនី ខៀវ ចិន្តារ័ត្ន និង យស់ សញ្ចនា។

បន្ថែមលើនេះ ក្រុមល្បុក្កតោកម្ពុជា បានឈ្នះមេដាយមាស១ ប្រាក់៣ និងសំរឹទ្ធចំនួន២ទៀត ពីការប្រកួតកីឡាចំនួន២ ក្នុងព្រឹត្តិការណ៍កីឡាយុទ្ធសិល្ប៍អន្តរជាតិ ឆ្នាំ២០១៩ ដោយក្នុងនោះ កីឡាករ ឈឹម សីលា និងកីឡាករ ពេជ្រ ពន្លឺ បានឈ្នះមេដាយប្រាក់ដូចគ្នា ក្នុងការប្រកួតកីឡា Hang San Ati ដែលមាន៥ប្រទេសចូលរួម។

ចំណែកកីឡាការិនី យស់ សញ្ចនា បានឈ្នះមេដាយមាស១ លើការប្រកួតកីឡា Tang-Ta (India) ដែលមាន៥ប្រទេសចូលរួម ខណៈកីឡាករ មឿន ប៊ុនលី បានមេដាយប្រាក់១ ហើយកីឡាករ ពេជ្រ ពន្លឺ និងកីឡាករ សុខ ប៊ុនយ៉ុង បានឈ្នះមេដាយសំរឹទ្ធដូចគ្នា។

ដោយឡែក សម្រាប់ការប្រកួត The 2019 International Martial Arts Contest ដែលមាន២២ប្រទេសចូលរួមនោះ កីឡាករ ពេជ្រ ពន្លឺ បានឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសា Bare Hand Single ចំណែកកីឡាការិនី យស់ សញ្ចនា កីឡាករ សុខ ប៊ុនយ៉ុង ព្រមទាំងកីឡាករ មឿន ប៊ុនលី និង ឌឹប ង៉ែត ដែលប្រកួតវិញ្ញាសាគូ បានធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា ហើយការប្រកួតជាក្រុម ក៏កម្ពុជា បានធ្លាក់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ផងដែរ។

ជាមួយជ័យជម្នះយ៉ាងធំធេងនេះ លោក អ៊ូ តារា បានចាប់អារម្មណ៍ខ្លាំង ទៅលើការឈ្នះបានមេដាយមាស៧ ក្នុងការប្រកួតកីឡា ARNIS ក្នុងកម្មវិធី Philippine Arnis Goodwill Game and Pre-sea Game Arnis Tournament 2019 ព្រោះនេះជាប្រភេទកីឡា ដែលក្រុមល្បុក្កតោ ត្រូវចូលរួមប្រកួតប្រជែង នៅស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ខាងមុខនេះ។

លោក អ៊ូ តារា បានបញ្ជាក់ថា៖ «សម្រាប់ការប្រកួតកីឡា ARNIS ក្នុងកម្មវិធី Philippine Arnis Goodwill Game and Pre-sea Game Arnis Tournament 2019 ដែលជាប្រភេទកីឡា ត្រូវដាក់ឲ្យប្រកួតនៅស៊ីហ្គេម លើកនេះ គឺកីឡាករ កីឡាការិនីគុនល្បុក្កតោរបស់យើងទទួលបានលទ្ធផលគួរជាទីកត់សម្គាល់ ហេតុនេះយើងសង្ឃឹមថា ល្បុកត្តោយើង នឹងអាចរក្សានូវលទ្ធផលល្អបែបនេះបន្តទៀត សម្រាប់ការប្រកួតស៊ីហ្គេម នាពេលខាងមុខនេះ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.