v9
V9BET

គ្រូភ្នំពេញក្រោន ចាត់ទុកការបង្ហាញក្តីបារម្ភរបស់គ្រូស្វាយរៀង ថា ជាកលល្បិច

4 weeks ago​ | ដោយ V-Dr

គ្រូបង្វឹកស្តីទីរបស់ក្រុមភ្នំពេញក្រោន លោក ស៊ុំ វណ្ណា បានចាត់ទុកការបង្ហាញក្តីបារម្ភទៅលើបញ្ហារបួសកីឡាករ ពីសំណាក់គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង ថាជា«កលល្បិច»តូចមួយ ដើម្បីបញ្ឆោតដល់ក្រុមរបស់លោក មុនពេលក្រុមទាំង២ ត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៩ នៅកីឡដ្ឋានជាតិ នាល្ងាចម៉ោង៦ ថ្ងៃព្រហស្បតិ៍នេះ។

ទាក់ទៅនឹងការប្រកួតនេះ លោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀង បាននិយាយថា៖ «បន្ទាប់ពីវិលពីការប្រកួតជាមួយក្រុមយុវជនបាទី ក្នុងលីកកំពូលមក កីឡាករយើងមួយចំនួនមានបញ្ហារបួស ហើយកីឡាករខ្លះ ដែលវិលពីជម្រើសជាតិ ក៏មានរបួសខ្លះៗដែរ ដូចឥឡូវហ្នឹងមាន សឿយ វិសាល, សុខ សំណាង, ប្រាក់ មុន្នីឧត្តម ចំណែក គន្ធា រ៉ាវ៉ាន់ ក៏អវត្តមានរហូតដល់ដាច់រដូវកាលទៀត»។

ជុំវិញការបង្ហាញក្តីបារម្ភនេះ លោក ស៊ុំ វណ្ណា បាននិយាយថា៖ «ការលើកឡើងរបស់គាត់ គ្រាន់តែល្បិចទាក់ទាញ ក្នុងការប្រើវោហារស័ព្ទ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ គឺនេះគ្រាន់តែយុទ្ធសាស្រ្ត និងតាក់ទិចមួយរបស់គ្រូបង្វឹក និងជាល្បិចតូចមួយ ដើម្បីឲ្យយើងបញ្ចេញមតិ ដើម្បីឲ្យគាត់រៀបចំវាយបកយើងវិញ នៅពេលប្រកួត»។

លោកបញ្ជាក់ថា៖ «តាមការសិក្សាជាក់ស្តែង គឺកីឡាករទាំងអស់របស់ស្វាយរៀង មិនថា យុវជន អ្នកជំនាន់មុន ឬអ្នកជាប់ជម្រើសជាតិនោះទេ គឺមានសមត្ថភាពលេងស្មើគ្នា អ៊ីចឹងវាអត់មានហានិភ័យអ្វីសម្រាប់ក្រុមគាត់នោះទេ។ ប៉ុន្តែក្រុមខ្ញុំវិញ គឺជាក់ស្តែង យើងមានកីឡាករ៥ទៅ៦នាក់ ដែលមានរបួស អ៊ីចឹងយើងទៅវិញទេ ដែលមានហានិភ័យ»។

យ៉ាងណាក៏ដោយ ក្រៅពីការបង្ហាញពីក្តីបារម្ភរៀងៗខ្លួន ទៅលើការបញ្ហារបួសកីឡាករនេះ លោក Conor Nestor បានបញ្ជាក់ថា៖ «ខ្ញុំមិនទាន់ប្រាកដថា ប្រាក់ មុន្នីឧត្តម នឹងបានចូលលេងឬយ៉ាងណានោះទេ ចំណែក សឿយ វិសាស និង សុខ សំណាង គឺ៥០-៥០ភាគរយ ប៉ុន្តែកីឡាករ ដែលនៅសល់ បានហ្វឹកហាត់ជុំគ្នាល្អមែនទែន ហើយយើងតែងតែលេងដោយមានទំនុកចិត្ត ឆន្ទៈខ្ពស់ គឺយើងលេងដើម្បីឈ្នះ និងដើម្បីបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ»។

លោក ស៊ុំ វណ្ណា បានបញ្ជាក់ដែរថា៖ «យើងអត់បានគិតថា ស្វាយរៀង ជាក្រុមមិនទាន់ស្គាល់ការចាញ់នៅលីកកំពូលអ្វីនោះទេ។ យើងអត់បានគិតថា រឿងនេះ ជាសម្ពាធសម្រាប់ពួកយើងនោះទេ ព្រោះពេលនេះកីឡាករខ្មែរ លេងជាមួយកីឡាករខ្មែរតែម្តង អ៊ីចឹង៥០ទល់៥០ភាគដូចគ្នា មានន័យថា បើពីណាមានឱកាស និងមានឆន្ទៈខ្ពស់ ប្តូរផ្តាច់ក្នុងទីលាន គឺអ្នកនោះ នឹងទទួលបានជ័យជម្នះ»។

លោកបានបន្ថែមថា៖ «ក្រុមយើងបានរៀបចំរួចជាស្រេច ហើយក្រុមគាត់ ក៏រៀបចំរួចដូចគ្នា អ៊ីចឹងអ្វីដែលសំខាន់ គឺការប្រឈមគ្នា៩០នាទីក្នុងទីលាន ព្រោះមកដល់ពេលនេះហើយ ក្រុមភ្នំពេញក្រោន គឺប្តូរហើយ មិនអាចឲ្យការប្រកួតហ្នឹងរបូតបានទេ! យើងត្រូវខំប្រឹងឲ្យអស់ពីសមត្ថភាពរបស់យើង ដើម្បីយកជ័យជម្នះ ក៏ដូចជាលើកតម្កើងក្រុមយើងឲ្យបានល្អប្រសើរ និងឡើងទៅវគ្គផ្តាច់ព្រ័ត្រ»៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.