v9
V9BET

Privat រកបាន ៥គ្រាប់តែម្នាក់ឯង ដើម្បីបង្កើនភាគរយឈ្នះស្បែកជើងមាស

4 weeks ago​ | ដោយ V-Dr

ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុមព្រះខ័នរាជស្វាយរៀង Privat បានបង្កើនភាគរយកាន់តែខ្ពស់ ក្នុងការឆ្ពោះទៅរកការឈ្នះស្បែកជើងមាស នៃក្របខ័ណ្ឌលីកកំពូលកម្ពុជា ប្រចាំឆ្នាំ២០១៩នេះ ខណៈរូបគេរកបានរហូតដល់៥គ្រាប់បន្ថែមទៀត នៅពេលក្រុមស្វាយរៀង លត់ក្រុមសាលាកីឡាបាល់ទាត់ជាតិបាទី ៧-០ កាលពីថ្ងៃអាទិត្យ ម្សិលមិញ។

សម្រាប់ការប្រកួត នៅកីឡដ្ឋានខេត្តស្វាយរៀង កាលពីយប់ថ្ងៃអាទិត្យនោះ កីឡាករ ត្រាយ វិចិត្រ ជាអ្នករកបាន២គ្រាប់បើកឆាកឲ្យក្រុមស្វាយរៀង នៅនាទីទី៤ និងទី១៤ ហើយបន្ថែមទៅលើការនាំមុខនេះ ខ្សែប្រយុទ្ធ Privat រកបាន៥គ្រាប់ទៀត នៅនាទីទី២១ ទី៣១ ទី៥៣ ទី៨៩ និងនាទីទីបន្ថែម ៩០+២ ដើម្បីយកឈ្នះក្រុមសាលាកីឡាបាល់ទាត់ជាតិបាទី ៧-០។

ការរកបាន៥គ្រាប់តែម្នាក់ឯងនេះ បានធ្វើឲ្យចំនួនគ្រាប់បាល់សរុបរបស់ Privat កើនឡើង៣០គ្រាប់ គឺវ៉ាដាច់ខ្សែប្រយុទ្ធ Bata របស់ក្រុមភ្នំពេញក្រោន ចំនួន៥គ្រាប់ ព្រោះ Bata ដែលធ្លាប់មាន២៥គ្រាប់នោះ គឺរកមិនបានគ្រាប់បាល់ទេ នៅពេល ភ្នំពេញក្រោន បានចាញ់ក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ៣-២ កាលពីថ្ងៃអាទិត្យ ម្សិលមិញនោះដែរ។

ជាមួយគ្នានេះ ខ្សែប្រយុទ្ធ Da Cruz របស់វិសាខា រកបាន២គ្រាប់ នៅពេលវិសាខា ឈ្នះក្រុមក្រសួងការពារជាតិ ៣-០ ប៉ុន្តែខ្សែប្រយុទ្ធ Timothy និង Ajayi របស់វិសាខា ដែលមាន២០គ្រាប់ដូចគ្នានោះ គឺរកមិនបានគ្រាប់បាល់បន្ថែមដូចគ្នា ខណៈខ្សែប្រយុទ្ធមាន១៩គ្រាប់ Kipson របស់ណាហ្គាវើល ក៏រកមិនបានគ្រាប់បាល់បន្ថែមដូចគ្នា។

យោងតាមលទ្ធផលនេះ អាចបញ្ជាក់បានថា Privat នៅពេលនេះ គឺមានភាគរយខ្ពស់បំផុត ក្នុងការឈ្នះបានស្បែកជើងមាស ព្រោះការប្រកួតលីកកំពូលកម្ពុជា នៅសល់ត្រឹម៤លើកទៀបប៉ុណ្ណោះ ហេតុនេះ Bata ដែលមាន២៥គ្រាប់ និង Da Cruz ដែលមាន២៣គ្រាប់ គឺពិបាកនឹងរកគ្រាប់បន្ថែម ដើម្បីតាមប្រជែងជាមួយ Privat ណាស់ ហើយការរកបាន៣ពិន្ទុបន្ថែមនេះដែរ គឺបានធ្វើឲ្យក្រុមស្វាយរៀង ខិតកាន់តែកៀក ក្នុងការលើកពាន នៅឆ្នាំនេះ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.