v9
V9BET

មិនមែនលំៗទេ ឡុង សុភី ដកស្រង់យកក្បាច់ Pacquiao ដើម្បីបង្រ្កាប រឿង សោភ័ណ្ឌ

1 month ago​ | ដោយ V-Dr

អ្នកជំនាញប្រើជង្គង់ ឡុង សុភី បានប្រាប់ថា នៅមុនពេលយកឈ្នះ រឿង សោភ័ណ្ឌ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ទម្ងន់៦៩គីឡូក្រាម និងប្រាក់រង្វាន់៤០០០ដុល្លារនោះ គឺរូបគេបានមើលការប្រកួតរបស់ស្តេចប្រដាល់ Manny Pacquiao ហើយបានដងស្រង់យកបច្ចេកទេស ពីការប្រកួតនោះ ដើម្បីបង្កើតជាក្បាច់ទប់ទល់ ជាមួយកណ្តាប់ដៃរបស់ យើង សោភ័ណ្ឌ។

ឡុង សុភី បាននិយាយថា៖«ខ្ញុំដឹងថា ដៃរបស់គាត់ (រឿង សោភ័ណ្ឌ) ធ្ងន់ អ៊ីចឹងខ្ញុំបិទឲ្យជាប់ ព្រោះមួយរយៈនេះ ខ្ញុំហាត់បច្ចេកទេសការបិទនឹងច្រើន ដោយខ្ញុំបានមើលវីដេអូ ការប្រកួតអន្តរជាតិផ្នែកប្រដាល់សកល ដូចជាការប្រកួតរបស់ Manny Pacquiao ជាដើម ហើយខ្ញុំបានហាត់បច្ចកទេសបិទតាមហ្នឹងតែម្តង»។

សម្រាប់ការប្រកួត ផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ ទម្ងន់៦៩គីឡូក្រាម នៅលើសង្វៀន CNC កាលពីព្រលប់ថ្ងៃសៅរ៍ កន្លងមកនេះ ឡុង សុភី ពិតជាធ្វើបានល្អ ក្នុងការបិទកណ្តាប់ដៃពិឃាដរបស់ រឿង សោភ័ណ្ឌ។

បច្ចេកទេសបិទកណ្តាប់ដៃ ដោយការធាក់ និងម៉ាត់ស្របពេលជាមួយគ្នា ព្រមទាំងការបន្ថែមដោយការបោះជង្គង់របស់ ឡុង សុភី វាមិនត្រឹមតែបានជួយឲ្យរូបគេ បានឈ្នះពិន្ទុ ជាឯកច្ឆន្ទប៉ុណ្ណោះទេ ប៉ុន្តែក្បាច់ទាំងនេះ ក៏បានទទួលការសរសើរពី រឿង សោភ័ណ្ឌ ផងដែរ។

រឿង សោភ័ណ្ឌ ដែលបានទទួលស្គាល់ការចាញ់ពិន្ទុ ឡុង សុភី ដោយពេញចិត្តនោះ បានឆ្លើយតប ទៅនឹងការសួររបស់ពិធីករ ក្រោយការប្រកួតថា៖«ការប្រកួតនេះពិបាកវ៉ៃ ត្រង់ថា គាត់ធាក់ផង ម៉ាត់ផង ហើយពេលកំពុងម៉ាត់គ្នានោះ គាត់មានការបោះជង្គង់មកទៀត អ៊ីចឹងធ្វើឲ្យខ្ញុំ ដែលមានកម្ពស់ទាបជាង គឺពិបាកវ៉ៃ។ បើកីឡាករថៃ ធាក់ចេញតែមួយៗទេ អ៊ីចឹងស្រួលវ៉ៃ តែគាត់ ចេញមកទាំង២ព្រមគ្នា គឺពិបាកវ៉ៃណាស់»។

ជាមួយគ្នានេះ ឡុង សុភី ក៏បានបានប្រាប់ឲ្យដឹងដែរថា ក្បាច់ធាក់ និងម៉ាត់ ចេញស្របពេលជាមួយគ្នានេះ គឺរូបគេបានហាត់តាំងពី២០០៧ គឺហាត់ជាមួយសិស្សច្បង បឺត ខាំ ដើម្បីវ៉ៃជាមួយជើងខ្លាំង វ៉ាន់ ចាន់វៃ ព្រោះកាលនោះ អ្នកវ៉ៃជាមួយ ចាន់វៃ គេចមិនផុតពី២ទឹកទេ អ៊ីចឹងឡុង សុភី ហាត់ក្បាច់នេះ ដើម្បីទប់ទល់។

តាមរយៈការប្រកួតយ៉ាងស្វិតស្វាញ៥ទឹកពេញ កាលពីថ្ងៃសៅរ៍នោះ ចៅក្រមទាំង៥រូប បានផ្តល់ពិន្ទុឲ្យ ឡុង សុភី ឈ្នះ រឿង សោភ័ណ្ឌ ជាឯកច្ឆន្ទ ៥-០ តែម្តង ហើយជ័យជម្នះនេះបានជួយឲ្យ សុភី ក្លាយជាម្ចាស់ខ្សែក្រវាត់ អមជាមួយប្រាក់រង្វាន់៤ពាន់ដុល្លារ ចំណែក រឿង សោភ័ណ្ឌ ក៏បាន១ពាន់ដុល្លារ ចំពោះការបានលេខ២នេះផងដែរ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.