v9
V9BET

លីកកំពូលកម្ពុជា ចាប់ប្រកួតវិញ ខណៈអ្នកឆ្នើម ៦រូប ស្ថិតក្នុងបញ្ជីដណ្តើមពានកីឡាករល្អ ប្រចាំឆ្នាំនេះ

1 week ago​ | ដោយ V-Dr

ការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៩ ដែលបានសម្រាក ២សប្តាហ៍ ដើម្បីទុកពេលឲ្យក្រុមជម្រើសជាតិកម្ពុជា ធ្វើការប្រកួតជម្រុះជុំទី២ ប្រចាំពូលC នៃពានរង្វាន់បាល់ទាត់ពិភពលោក ជាមួយក្រុមហុងកុង និងបារ៉ែន នោះ នឹងចាប់ដំណើរការប្រកួតវិញ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ។

ជាមួយគ្នានេះ ក្រុមកីឡាករជម្រើសជាតិកម្ពុជាទាំង២៣នាក់ ក៏ត្រូវបានរំសាយមួយរយៈពេល ដើម្បីឲ្យពួកគេវិលទៅជួយក្លិបរៀងៗខ្លួនផងដែរ ព្រោះការប្រជែងគ្នាដណ្តើមយក៣ពិន្ទុ វាពិតជាសំខាន់សម្រាប់ក្លិបទាំង១៤ បើទោះបីជាពេលនេះ គម្លាតពិន្ទុរវាងក្រុមឈរនៅកំពូលតារាង និងក្រុមបាតតារាង ដាច់ឆ្ងាយពីគ្នាខ្លាំងក៏ដោយ។

ទន្ទឹងគ្នានេះដែរ កីឡាករឆ្នើមចំនួន៦នាក់ តំណាងឲ្យក្លិបចំនួន៦ ត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រេចជ្រើសរើស ដាក់នៅក្នុងបញ្ជីឈ្មោះ អ្នកដែលត្រូវប្រជែងគ្នាដណ្តើមយកពានជាកីឡាករល្អ ប្រចាំឆ្នាំ២០១៩នេះ ផងដែរ។

កីឡាករទាំង៦នាក់នោះ រួមមានខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង របស់ក្លិបក្រសួងការពារជាតិ ខ្សែប្រយុទ្ធ ដាវ នីម របស់ក្លិបគិរីវង់សុខសែនជ័យ ខ្សែប្រយុទ្ធ កែវ សុខផេង របស់ក្លិបវិសាខា ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា របស់ក្លិបបឹងកេត ខ្សែបម្រើ គួច ដានី របស់ក្លិបណាហ្គាវើល និងអ្នកចាំទី អាំ សុវណ្ណារ៉ាត់ របស់ក្លិបព្រះខ័នរាជស្វាយរៀង។

ការដណ្តើមបានឱកាសប្រជែងគ្នា យកពានកីឡាករល្អប្រចាំឆ្នាំនេះ ក៏ព្រោះតែអ្នកទាំង៦នាក់នេះ សុទ្ធតែបានជាប់ និងឈ្នះពានរង្វាន់ជាកីឡាករល្អជាងគេ ប្រចាំខែ ក្នុងការប្រកួតកន្លងមកដូចគ្នា ហើយការជ្រើសរើសនេះ គឺក្រុមការងាររបស់ CNCC ជាអ្នកវាយតម្លៃដោយផ្ទាល់ ទៅលើសកម្មភាពនៃការលេងរបស់កីឡាករ នៅលើទីលាន៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.