v9
V9BET

លន បញ្ញា បានសារភាពថា រូបគេពិតជាធ្វេសប្រហែស ទើបជួបហេតុការណ៍អាក្រក់បែបនេះ

1 week ago​ | ដោយ V-Dr

កីឡាករជើងខ្លាំងវ័យក្មេង លន បញ្ញា បានសារភាពថា រូបគេពិតជាបានធ្វេសប្រហែស ទើបបណ្តាលឲ្យអ្នកប្រដាល់ថៃ Link Loom វាយកែងប៊ិះសន្លប់ធំ និងធ្វើឲ្យរូបគេ បាត់បង់ឱកាស ឡើងទៅប្រកួតផ្តាច់ព្រ័ត្រដណ្តើមយកខ្សែក្រវាត់ទម្ងន់៦០គីឡូក្រាម នៃកម្មវិធី«កម្ពុជាសង្វៀនគុនខ្មែរ»។

លន បញ្ញា បាននិយាយក្រោយការប្រកួតថា៖ «ការវ៉ៃកែងរបស់កីឡាកតថៃ បណ្តាលឲ្យអាជ្ញាកណ្តាលរាប់មកលើខ្ញុំនេះ មកពីខ្ញុំរាងប្រហែស ហើយម្យ៉ាងទៀតកីឡាករថៃម្នាក់នេះ ដូចជាសិក្សាមកលើក្បាច់ប្រកួតរបស់ខ្ញុំបានច្រើន ព្រោះពេលខ្ញុំវ៉ៃខាវទៅលើពោះ គាត់ចាំវ៉ៃកែងខ្ញុំតែម្តង មានន័យថា គាត់់បានដឹងមុន»។

សិស្សគណរបស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ លន បញ្ញា ត្រូវបានជើងខ្លាំងរបស់ថៃ Link Loom វ៉ៃកែងចូលថ្គាម និងទាត់ថែមមួយជើងទៀត បណ្តាលឲ្យរូបគេដួលទាំងវង្វេងវង្វាន់ នៅក្នុងទឹកទី២ និងត្រូវបានអាជ្ញាកណ្តាលរាប់ភ្លាមៗ។

ស្ថានភាពប្រកួត នៅលើសង្វៀន CNC ក្នុងវគ្គផ្តាច់ព្រ័ត្រប្រចាំគ្រុបទី២ នៃកម្មវិធី កម្ពុជាសង្វៀនគុនខ្មែរ កាលពីថ្ងៃសៅរ៍នោះ ត្រូវបានគេមើលឃើញថា លន បញ្ញា អាចនឹងសន្លប់ក្នុងទឹកទី២ក្រោមស្នាដៃ Link Loom ជាថ្មីម្តងទៀត ប៉ុន្តែ បញ្ញា បានព្យាយាមវាយទប់រហូតគេចផុតពីការសន្លប់ និងបានចាញ់ Link Loom ដោយពិន្ទុជាឯកច្ឆន្ទពីចៅក្រមទាំង៥នាក់។

លន បញ្ញា បានបន្ថែមថា៖«ខ្ញុំបានខំអស់ហើយ ហើយណាមួយគីឡ៦០នេះ ខ្ញុំពិបាកសម្រកមែនទែន។ ទម្ងន់របស់ខ្ញុំពិតគឺ ៦៥ទៅ៦៦គីឡូក្រាមឯណោះ អ៊ីចឹងដល់ពេលខំសម្រកខ្លាំងពេក ធ្វើឲ្យខ្ញុំអត់សូវមានកម្លាំងវ៉ៃទេ ហើយនៅពេលចូលកែងទឹកទី២ទៀត គឺខ្ញុំអស់រលីង លែងមានកម្លាំងវ៉ៃ គឺមានតែទឹកចិត្ត ខំប្រឹងប្រកួតឲ្យបាន៥ទឹក»។

ជាមួយការចាញ់នេះ បានធ្វើឲ្យ លន បញ្ញា ធ្លាក់ចេញពីការប្រកួតនេះ ទាំងសោកស្តាយបំផុត តែការទទួលបានលេខ២ប្រចាំគ្រុបទី២នេះ ក៏បានជួយឲ្យគេទទួលបានប្រាក់រង្វាន់៨លានរៀលផងដែរ។ ចំណែក Link Loom ដែលបានប្រាក់រង្វាន់២លានរៀល និងម៉ូតូ Zoomer X មួយគ្រឿង ចំពោះការបានលេខ១នោះ នឹងត្រូវឡើងទៅប្រកួតផ្តាច់ព្រ័ត្រដណ្តើមយកខ្សែក្រវាត់ទម្ងន់៦០គីឡូក្រាមនេះ ជាមួយអ្នកបានលេខ១ប្រចាំគ្រុបទី១ គឺ ម៉ឺន មេឃា ដែលជាកូនបង្កើតរបស់ អេ ភូថង។

កីឡាករជំនាញវាយកែង និងបោះជង្គង់ Link Loom បាននិយាយ ក្រោយការប្រកួតថា៖ «មុនការប្រកួត ខ្ញុំក៏មានក្តីបារម្ភដែរ ដោយសារ លន បញ្ញា ល្អជង្គង់ និងល្អចាប់ដែរ ហើយសម្រាប់ការត្រៀម ទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ដណ្តើមយកខ្សែក្រវាត់ នាពេលខាងនេះ ខ្ញុំនឹងប្រឹងប្រែងហ្វឹកហាត់ឲ្យបានខ្លាំងជាងនេះទៀត និងប្រឹងប្រែងដណ្តើមយកជើងឯកឲ្យបាន»៕

កែសម្រួលដោយ៖ cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.