v9
V9BET

ឪពុករបស់ ឈុតសេរី វ៉ាន់ថង ថា Tuon Pe អាចចាញ់ទ្រមខ្លួនជាងនេះ បើសិនជា…

1 week ago​ | ដោយ V-Dr

លោក ឈុត សេរី ដែលជាគ្រូបង្វឹក និងជាឪពុកបង្កើតរបស់កីឡាករ ឈុតសេរី វ៉ាន់ថង បានអះអាងថា អ្នកប្រដាល់ជើងខ្លាំង Tuon Pe អាចនឹងចាញ់ទ្រមខ្លួនជាងនេះ បើសិនជាកូនប្រុសរបស់គាត់ អាចបញ្ចេញស្នៀតទាត់កាត់បានល្អ ដូចការប្រកួត កាលពីជាង៣ខែមុននោះ។

លោក ឈុត សេរី បានប្រាប់ថា៖ «ខ្ញុំនៅមិនទាន់ពេញចិត្ត ចំពោះជ័យជម្នះរបស់ វ៉ាន់ថង ទៅលើកីឡាករថៃ Tuon Pe ប៉ុន្មានទេ ព្រោះវា នៅមិនទាន់ធ្វើបានល្អប៉ុន្មានឡើយ ហើយអ្វីដែលពិសេសនោះ ការប្រកួតនេះ ខ្ញុំមិនបានឃើញ វ៉ាន់ថង បញ្ចេញស្នៀតទាត់កាត់នោះទេ បើទោះបីជាវាបានហ្វឹកហាត់ត្រៀមស្នៀតនេះ មុនការប្រកួតហើយក៏ដោយ»។

គ្រូបង្វឹករូបនេះ បានបន្ថែមថា៖ «បើសិនជា វ៉ាន់ថង ទាត់កាត់បានល្អដូចមុនៗ គឺ Tuon Pe អាចចាញ់គ្រាំគ្រាខ្លួនជាងនេះ ព្រោះកន្លងមក កីឡាករ ដែលដើរចូលឲ្យយើងវ៉ៃដូច Tuon Pe បែបនេះ គឺភាគច្រើនតែងតែត្រូវបាន វ៉ាន់ថង ទាត់ឲ្យខូចជើងក្រោម ប៉ុន្តែការប្រកួតលើកនេះ វាមិនឃើញបញ្ចេញស្នៀតនេះនោះទេ ឬមួយដោយសារថៃ វាយសម្រុកខ្លាំងពេក»។

សម្រាប់ការប្រកួតដណ្តើមប្រាក់លាន នៅសង្វៀន CNC កាលពីថ្ងៃសៅរ៍ កន្លងមកនេះ ជើងខ្លាំង Tuon Pe បានតាមវាយសម្រុកទៅលើ ឈុតសេរី វ៉ាន់ថង រហូត ប៉ុន្តែការចូល ដើម្បីចាប់បុកជង្គង់ និងវាយកែងខ្លីរបស់ថៃម្នាក់នេះ ត្រូវបាន វ៉ាន់ថង ទាត់ ម៉ាត់ និងឆក់កែងឆ្វេងស្តាំ បានយ៉ាងល្អ ដើម្បីយកប្រៀប និងឈ្នះពិន្ទុលើ Tuon Pe ដោយឯកច្ឆន្ទតែម្តង។

យ៉ាងណាក៏ដោយ ចាប់ពីទឹកទី៣ ដល់ទឹកទី៥ Tuon Pe ដែលមានការខឹងសម្បារ ព្រោះតាមវ៉ៃ វ៉ាន់ថង មិនបានដូចការគិតនោះ គឺរូបគេបានចាប់បោក និងទាត់ជើងក្រោម ធ្វើឲ្យ វ៉ាន់ថង ដួលជាច្រើនលើក ឡើងចង់បាក់កម្លាំងផងដែរ។ ការដួលជាច្រើនលើកនេះ បានធ្វើឲ្យលោក ឈុត សេរី មានការបារម្ភផងដែរ។

លោក ឈុត សេរី បានបញ្ជាក់ថា៖ «ការចាប់បោកឲ្យដួលជាច្រើនលើកនេះ មិនមែនមកពីគេ មានកម្លាំងខ្លាំងជាងយើងនោះទេ គឺកម្លាំងមានដូចគ្នា គ្រាន់តែគេចេះខ្ចីកម្លាំងរបស់យើងប្រើ ដើម្បីបោកឲ្យយើងដួល ហើយការចាប់បោកឲ្យដួលខ្លាំងៗបែបនេះ ក៏អាចនឹងធ្វើឲ្យយើងថ្លោះចង្កេះ ឬមានបញ្ហាផងដែរ ហេតុនេះខ្ញុំត្រូវតែពង្រឹងបន្ថែមដល់ វ៉ាន់ថង លើចំណុចខ្វះខាតនេះ ដើម្បីធ្វើឲ្យគេ កាន់តែរឹងមាំ និងវាយបានកាន់តែលឿនជាងនេះ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.