v9
V9BET

លោក ឈុតសេរី ថា កូនគាត់ វ៉ាន់ថង អាចលំបាក ពេលប៉ះជើងខ្លាំង Tuon Pe

2 weeks ago​ | ដោយ V-Dr

គ្រូបង្វឹកលោក ឈុត សេរី និងជាឪពុកបង្កើតរបស់កីឡាករ ឈុតសេរី វ៉ាន់ថង បានបង្ហាញការបារម្ភថា កូនប្រុសរបស់គាត់ អាចនឹងមានការលំបាកច្រើន នៅពេលរូបគេ ត្រូវបានដាក់ឲ្យប្រកួតដណ្តើមប្រាក់លាន ក្នុងទម្ងន់៦០គីឡូក្រាម ជាមួយជើងខ្លាំង Tuon Pe នៅលើសង្វៀន CNC នារសៀលថ្ងៃសៅរ៍នេះ។

ការព្រួយបារម្ភរបស់លោក ឈុត សេរី ចំពោះការបង្ហាញខ្លួនរបស់ ឈុតសេរី វ៉ាន់ថង លើកនេះ ក៏ព្រោះតែលោកបានដឹងច្បាស់ថា Tuon Pe ជាកីឡាករជើងខ្លាំង ដែលធ្លាប់បានផ្តួលឲ្យអ្នកប្រដាល់កម្ពុជា សន្លប់ច្រើនអ្នកមកហើយ ហើយថៃម្នាក់នេះ ក៏ធ្លាប់បានឈ្នះខ្សែក្រវាត់នៅលើសង្វៀន CNC នេះផងដែរ ក្រោយរូបគេបានវ៉ៃ សុខ សាវិន ឲ្យសន្លប់នៅវគ្គផ្តាច់ព្រ័ត្រ។ម្យ៉ាងទៀត ឈុតសេរី វ៉ាន់ថង បានខកខានឡើងសង្វៀនប្រដាល់ជិត៣ខែមកហើយ។

លោក ឈុត សេរី បានប្រាប់ថា៖ «ខ្ញុំស្គាល់ Tuon Pe ច្បាស់ណាស់ គឺគេជាជើងខ្លាំងមួយរូប ហេតុនេះ វ៉ាន់ថង មានការពិបាកបន្តិចហើយ ព្រោះកូនរបស់ខ្ញុំ បានខានឡើងប្រកួតចូល ៣ ខែមកហើយ ដោយសារវាជាប់រៀនប្រឡងបាក់ឌុប ដែលទើបបានបញ្ចប់ កាលពីពេលថ្មីៗនេះ»។

នៅមុនបាត់មុនពីលើសសង្វៀនអស់រយៈពេលជិត៣ខែមកនេះ ឈុតសេរី វ៉ាន់ថង គឺជាកីឡាករវ័យក្មេងមួយរូប ដែលមានសមត្ថភាពប្រកួតបានល្អ។ វ៉ាន់ថង មានលក្បិចប្រកួតខ្ពស់ ហើយរូបគេតែងតែទទួលបានលទ្ធផលល្អ ក្នុងការប្រកួតម្តង ពិសេសទៀតនោះ វ៉ាន់ថង ក៏ធ្លាប់បានឈ្នះខ្សែក្រវាត់ នៅលើសង្វៀន CNC នេះ ក្នុងឆ្នាំ២០១៩ផងដែរ ក្រោយពេលរូបគេបានយកឈ្នះតាញ់ មករា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

លោក ឈុត សេរី បានបន្ថែមថា៖ «បើវ៉ៃតាមភាពវៃឆ្លាតរបស់ វ៉ាន់ថង គឺវាយដកថយទៅតាមបច្ចេកទេស គេចឆ្វេង-ស្តាំ ហើយឆក់វ៉ៃលិច កើត យើងអាចមានសង្ឃឹមខ្លះ គ្រាន់តែថាការវាយរបៀបនេះ អ្នកទស្សនាមិនសូវសប្បាយចិត្ត។ ប៉ុន្តែបើចូលវ៉ៃប្តូរ ដើម្បីឲ្យអ្នកទស្សនាសប្បាយភ្នែកនោះ យ៉ាប់បន្តិចហើយ ព្រោះ Tuon Pe មានស៊ុហ្វគេល្អ គេចាស់វស្សា ព្រមទាំងមានទិចនិក និងបច្ចេកទេសខ្ពស់ជាងសឹងគ្រប់សព្វទៅហើយ ពិសេស Tuon Pe មានជំនាញវាយកៀក និងមានកែងខ្លីល្អ ខណៈ វ៉ាន់ថង របស់យើង ល្អខាងវាយជាប្រយោល»។

ជាមួយគ្នានេះ កីឡាករកម្ពុជា ខាំ ខ្លានាង ក៏ត្រូវប្រកួតដណ្តើមប្រាក់លាន ក្នុងទម្ងន់ ៥១ គ.ក្រ ជាមួយថៃ Khav Krachang នៅថ្ងៃសៅរ៍នោះផងដែរ ហើយការប្រកួតប្រាក់លាននេះ គឺអ្នកឈ្នះបាន ១ លានរៀល បន្ថែមលើប្រាក់តម្លៃខ្លួន ស្មើគ្នាបានម្នាក់ ៥០ ម៉ឺនរៀល ឯអ្នកចាញ់បានតែប្រាក់តម្លៃខ្លួនទេ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.