v9
V9BET

សុខ សាវិន ឈ្នះបានខ្សែក្រវាត់ ជាលើកដំបូង ប៉ុន្តែ ឡៅ ចន្ទ្រា សន្លប់ធំដ៏កម្រ

2 weeks ago​ | ដោយ V-Dr

កីឡាករកម្ពុជា សុខ សាវិន បានស្គាល់រសជាតិការឈ្នះខ្សែក្រវាត់ ជាលើកដំបូង បន្ទាប់ពីរូបគេទទួលបានជ័យជម្នះ ក្នុងការប្រកួតផ្តាច់ព្រ័ត្រ នៅលើសង្វៀន PNN ប៉ុន្តែជើងខ្លាំង ឡៅ ចន្ទ្រា ត្រូវបានអ្នកប្រយុទ្ធរបស់ថៃ Kongthailen វាយកែងច្រាសសងទៅវិញ បណ្តាលឲ្យសន្លប់ធំដ៏កម្របំផុត នៅលើសង្វៀន CNC កាលពីថ្ងៃអាទិត្យ ម្សិលមិញ។

ការឈ្នះខ្សែក្រវាត់ ជាលើកដំបូងរបស់ សុខ សាវិន បានកើតមានឡើង បន្ទាប់ពីរូបគេ បានយកឈ្នះជនរួមជាតិ បាង កាយ៉ាក ទាំងវេទនា នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ប្រាក់ នៅលើសង្វៀន PNN កាលពីថ្ងៃអាទិត្យ។

នៅក្នុងការប្រកួត៥ទឹកពេញនោះ កូនសិស្សលោក ស៊ន អេលីត សុខ សាវិន ត្រូវបានចៅក្រមទាំង៥នាក់ ផ្តល់ពិន្ទុឲ្យឈ្នះ បាង កាយ៉ាក មិនឯកច្ឆន្ទ គឺ ៣ទល់២ ហើយជ័យជម្នះនេះ ដោយសារ សាវិន បានម៉ាត់ឲ្យ បាង យ៉ាក ឡើងសឺ និងត្រូវបានអាជ្ញាកណ្តាលរាប់នៅចុងទឹកទី២។ ប៉ុន្តែ៣ទឹកចុងក្រោយ បាង កាយ៉ាក បានព្យាយាមចូលម៉ាត់ ពិសេសបុកជង្គង់ប្តូរគ្នាទៅវិញទៅមក ធ្វើឲ្យ សុខ សាវិន ចង់ភាំងម្តងៗផងដែរ។

យ៉ាងណាក៏ដោយ សុខ សាវិន បានត្រឹមឈ្នះខ្សែក្រវាត់ប្រាក់ប៉ុណ្ណោះ ហើយការឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដណ្តើមយកខ្សែក្រវាត់មាស អមជាមួយប្រាក់រង្វាន់ចំនួន១ម៉ឺនដុល្លារ គឺ សុខ សាវិន បានចាប់ឆ្នោតប៉ះម្ចាស់ខ្សែក្រវាត់ប្រាក់ទី៣ លន បញ្ញា នៅថ្ងៃទី២២ ខែកញ្ញា ហើយខ្សែក្រវាត់ប្រាក់ទី១ ឡៅ ចិត្ត្រា ត្រូវជួបម្ចាស់ខ្សែក្រវាត់ប្រាក់ទី២ ឡុង ជិន នៅថ្ងៃទី១៥ ខែកញ្ញា។
ដោយឡែកនាយសង្ហា ឡៅ ចន្ទ្រា ត្រូវបានអ្នកប្រយុទ្ធរបស់ថៃ Kongthailen វាយកែងសងវិញបណ្តាលឲ្យសន្លប់ធំ នៅត្រឹមទឹកទី២ ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត។ ការសន្លប់ នៅសង្វៀន CNC កាលពីថ្ងៃអាទិត្យ ម្សិលមិញ ត្រូវបានគេចាត់ទុកថា ជាការសន្លប់ដ៏កម្របំផុតរបស់ ឡៅ ចន្ទ្រា ព្រោះការប្រកួតកន្លងមក ឡៅ ចន្ទ្រា ទៅវិញទេ ដែលវ៉ៃកែងឲ្យកីឡាករបរទេសសន្លប់។

យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតលើកនេះ ឡៅ ចន្ទ្រា បានចំណាយពេល១ទឹកពេញ ក្នុងការមើលទៅលើការជន្លបែបឌឺដងរបស់ Kongthailen គឺពួកគេ មិនបានវ៉ៃគ្នានោះទេ។ ប៉ុន្តែទឹកទី២ គឺពេលដែលកំពុងចាប់ឱបក្រៀកគ្នានោះ ឡៅ ចន្ទ្រា បានឆ្លៀតវាយកែងឆ្វេងពិឃាតរបស់គេដូចសព្វដង តែត្រូវបាន Kongthailen គេចផុត រួចច្រាសកែងឆ្វេងសងវិញ ចំថ្គាម បណ្តាលឲ្យ ឡៅ ចន្ទ្រា ដួលដេកសន្លប់ ក្រោកលែងរួចតែម្តង។

ការចាញ់របស់ ឡៅ ចន្ទ្រា ត្រូវបានគេមើលឃើញថា ជាការភ្លាត់ស្នៀត ហើយជារឿងដែល ឡៅ ចន្ទ្រា ខ្លួនឯង នឹកស្មានមិនដល់ ព្រោះបច្ចេកទេសវ៉ៃកែងខ្លី ក្នុងពេលកំពុងឱបគ្រៀកគ្នានេះ ចន្ទ្រា តែងតែទទួលបានផលល្អ និងធ្វើឲ្យគូប្រកួតសន្លប់ច្រើនណាស់មកហើយ ប៉ុន្តែលើកនេះ ចន្ទ្រា បែរជាសន្លប់ក្រោមក្បាច់នេះទៅវិញ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.