v9
V9BET

កាន់តែអស្ចារ្យ! ក្រុមតេក្វាន់ដូ ITF ដណ្តើមបានមេដាយប្រាក់ ២ទៀត ឲ្យកម្ពុជា

3 weeks ago​ | ដោយ V-Dr

បន្ថែមទៅលើការបំបែកកំណត់ត្រាប្រវត្តិសាស្រ្ត តាមរយៈការឈ្នះមេដាយមាសពិភពលោក ជាលើកដំបូងរបស់កីឡាករ ប៉ាល់ ជីវ័ន គឺក្រុមតេក្វាន់ដូ ITF កម្ពុជា ដែលកំពុងប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ពិភពលោក ITF Taekwondo World Championship នៅក្រុង Plovdiv ប្រទេសប៊ុលហ្គារីនោះ ដណ្តើមបានមេដាយប្រាក់ចំនួន២ទៀតឲ្យកម្ពុជា។

ជាមួយនឹងជ័យជម្នះកាន់តែអស្ចារ្យនេះ ប៉ាល់ ជីវ័ន ដែលឈ្នះបានមេដាយមាស លើវិញ្ញាសាសម្តែងមេគុនខ្សែក្រវាត់ខ្មៅ៥ដាន់ កាលពីថ្ងៃបើកឆាកនោះ គឺបានរួមគ្នាជាមួយសិស្សប្អូនរបស់គេ ដើម្បីដណ្តើមបានមេដាយប្រាក់ នៅក្នុងការប្រកួតសម្តែងបច្ចេកទេសពិសេស (Special Technique) ជាក្រុម គឺពួកគេទទួលបានពិន្ទុតិចជាងក្រុមម្ចាស់ផ្ទះប៊ុលហ្គារី ដែលឈ្នះបានបានមេដាយមាស ខណៈក្រុមក្រិក បានមេដាយសំរឹទ្ធ។

ចំណែកមេដាយប្រាក់១ទៀត រកបានដោយកីឡាករវ័យក្មេងកម្ពុជា បួន ចាន់ថារ៉ាត់ ក្នុងការប្រកួតប្រយុទ្ធថ្នាលយុវជន ទម្ងន់៤៥គីឡូក្រាម។ នៅក្នុងការប្រកួតយ៉ាងស្វិតស្វាញនេះ ចាន់ថារ៉ាត់ បានយកឈ្នះកីឡាករណេប៉ាល់ Gaha Mohan ក្នុងវគ្គជម្រុះ និងបន្តឈ្នះកីឡាករការហ្សាក់ស្ថាន ZHANBULATOV SANDYBEK ក្នុងលទ្ធផល ៤-០ ដូចគ្នា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែរូបគេបានចាញ់កីឡាករអ៊ុយក្រែន Dehtiarenko Vladyslav ក្នុងការប្រកួតផ្តាច់ព្រ័ត្រ ទើនឈ្នះបានមេដាយប្រាក់១នេះ។

តាមរយៈលទ្ធផលនេះ ធ្វើឲ្យក្រុមតេក្វាន់ដូ ITFកម្ពុជា ដែលដឹកនាំផ្ទាល់ដោយប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា លោក កែវ រ៉េមី បានឈ្នះមេដាយមាស១ និងប្រាក់ចំនួន២ ហើយក្រុមអត្តពលិកកម្ពុជា ក៏នៅសល់វិញ្ញាសាប្រកួតមួយចំនួនទៀត ដែលត្រូវប្រកួតរកមេដាយបន្ថែមទៀតផងដែរ៕

កែសម្រួលដោយ៖ Cambopsport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.