v9
V9BET

ក្រុមតេក្វាន់ដូ ITF ចេញទៅប្រមាញ់រកមេដាយពិភពលោក នៅប៊ុលហ្គារី

3 months ago​ | ដោយ V-Dr

ក្រុមកីឡាករ កីឡាការិនីតេក្វាន់ដូទាំង១៧នាក់របស់កម្ពុជា ក្រោមការដឹកនាំរបស់លោក កែវ រ៉េមី ជាធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានចាកចេញពីមាតុប្រទេស កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ ឆ្ពោះទៅកាន់ប្រទេសប៊ុលហ្គារី ជាកន្លែងដែលពួកគេ ត្រូវប្រជែងរកមេដាយមាស ក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០១៩។

បើទោះបីជា ការចេញទៅប្រកួតចំនួន៦លើកកន្លងមកនេះ ក្រុមតេក្វាន់ដូITFកម្ពុជា ធ្លាប់បានឈ្នះត្រឹមមេដាយប្រាក់ និងសំរឹទ្ធ ប៉ុន្តែលោក កែវ រ៉ាមី ហាក់មានការជឿជាក់ខ្លាំងលើក្រុមអត្តពលិករបស់ខ្លួនថា អាចនឹងដណ្តើមបានមេដាយមាស សម្រាប់ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០១៩ នៅប្រទេសប៊ុលហ្គារី លើកនេះ។

ប្រធានសហព័ន្ធរូបនេះ បានថ្លែងប្រាប់ប្រព័ន្ធផ្សាយ មុនពេលចេញទៅប្រកួតថា៖ «សម្រាប់ការប្រកួតជើងឯកពិភពលោក នៅទីក្រុងព្យុងយ៉ាងប្រទេសកូរ៉េខាងជើង យើងឈរនៅលេខ១០ ក្នុងចំណោម៧០ប្រទេសចូលរួម ចំណែកលើកនេះ យើងសង្ឃឹមថា យើងនឹងទទួលបានជ័យជម្នះ និងលទ្ធផលល្អជាងលើកមុន ហើយមានចំណាត់ថ្នាក់ក៏ប្រសើរជាងមុន»។

លោក កែវ រ៉ាមី បានបន្ថែមថា៖ «ការដែលខ្ញុំហ៊ាននិយាយបែបនេះ ព្រោះការបង្វឹករបស់គ្រូបង្វឹកយើង មិនចាញ់កម្រិតអន្តរជាតិទេ ចំណែកក្មួយៗជាអត្តពលិក បានលះបង់ពេលវេលា ក្នុងការខិតខំហ្វឹកហាត់ ដោយសារពួកគាត់ចង់បានមុខមាត់ និងកិត្តិយសជូនក្រុមគ្រួសារ និងប្រទេសជាតិ»។

គួររំឭកថា សម្រាប់ការប្រកួតជើងឯកពិភពលោក លើកចុងក្រោយ នៅទីក្រុងព្យុងយ៉ាងប្រទេសកូរ៉េខាងជើង កាលពីឆ្នាំ២០១៧ ក្រុមតេក្វាន់ដូ ITF កម្ពុជា ឈ្នះបានមេដាយប្រាក់១ និងសំរឹទ្ធចំនួន៤។ ចំណែកលើកនេះ លោក កែវ រ៉េមី បានមើលឃើញថា កម្ពុជា អាចនឹងដណ្តើមបានមេដាយ នៅលើវិញ្ញាសា Special Tactics សម្តែងមេគុន និង Power Breaking ចំណែកវិញ្ញាសាប្រយុទ្ធ ក៏លោកសង្ឃឹម៧០ភាគរយទេដែរ។

លោក កែវ រ៉េមី ពិតជាចង់ឃើញក្រុមកម្ពុជា ឈ្នះបានមេដាយមាស ដើម្បីយើងអាចបង្ហោះទង់ជាតិកម្ពុជា និងបំភ្លឺភ្លេងជាតិ នៅលើឆាកអន្តរជាតិ។ លោកបានបញ្ជាក់បីអារម្មណ៍ពិតថា៖ «គោលបំណងធំរបស់យើង គឺចង់បង្ហោះទង់ជាតិយើងនៅលើឆាកអន្តរជាតិ ព្រោះពេលយើងចូលរួម និងបានឃើញការបង្ហោះទង់ជាតិម្តងៗ គឺរំភើបមែនទែន ហើយបើបានបន្លឺភ្លេងជាតិយើង នៅពេលយើងដណ្តើមបានមេដាយមាសទៀតនោះ គឺរឹតតែរំភើបខ្លាំង»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.