v9
V9BET

ក្រុមកីឡានគរបាលជាតិកម្ពុជា នាំយកមហាជ័យជម្នះកម្រិតពិភពលោក មកដល់មាតុប្រទេស

1 month ago​ | ដោយ V-Dr

ប្រតិភូកីឡានគរបាលជាតិកម្ពុជា បាននាំយកមហាជ័យជម្នះ គឺការឈ្នះបានមេដាយសរុបចំនួន៤៦ ដែលពួកគេដណ្តើមបានពីការប្រកួតកីឡានគរបាលពិភពលោក លើកទី១៨ ឆ្នាំ២០១៩ (The 18th World Police and Fire Games) មកដល់ប្រទេសកម្ពុជាវិញ កាលពីព្រឹក និងល្ងាចថ្ងៃចន្ទ ម្សិលមិញ។

តាមរយៈការប្រកួត ដែលត្រូវធ្វើឡើង នៅប្រទេសចិន តាំងពីថ្ងៃទី៨ និងបានបញ្ចប់កាលថ្ងៃទី១៨ ខែសីហា កន្លងមកនេះ កីឡាករ កីឡាការិនីជានគរបាលជាតិកម្ពុជា ទាំង៩៤នាក់ បានឈ្នះមេដាយមាសចំនួន១៨ ប្រាក់១៧ និងសំរឹទ្ធចំនួន១១ សរុប៤៦ ពីព្រឹត្តិការណ៍កម្រិតពិភពលោក សម្រាប់ការចូលរួមជាលើកដំបូងនេះ។

លោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិនៃក្រសួងមហាផ្ទៃ បានចាត់ទុកការឈ្នះមេដាយយ៉ាងច្រើននេះ ថា ជាការបង្កើតប្រវត្តិសាស្រ្ត លើកដំបូងរបស់ក្រុមកីឡានគរបាលជាតិ។ លោកបានថ្លែងថា៖ «ជ័យជម្នះដែលយើងទទួលបានលើកនេះ វាជាមហាកិត្តិយស និងជាប្រវត្តិសាស្រ្តរបស់កីឡានគរបាលជាតិកម្ពុជា ព្រោះនេះជាលើកទី១ ដែលយើងបានចូលរួម តែយើងអាចដណ្តើមបានមេដាយរហូតដល់៤៦ ដែលនេះជាលទ្ធផលដ៏ល្អបំផុត»។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺក្នុងចំណោមប្រភេទកីឡាទាំង១៣ ដែលអង្គភាពកីឡានគរបាលជាតិនៃក្រសួងមហាផ្ទៃ បានបញ្ជូនឲ្យទៅចូលរួមព្រឹត្តិការណ៍ The 18th World Police and Fire Games គឺកីឡានគរបាលជាតិកម្ពុជា ដណ្តើមបានមេដាយ គ្រប់ប្រភេទកីឡា១៣នោះតែម្តង ដោយក្នុងនោះ ក្រុមកីឡាការ៉ាតេ ឈ្នះបានមេដាយច្រើនជាងគេ បន្ទាប់មកមាន តេក្វាន់ដូ ចំបាប់ ជូជីតស៊ូ ហែលទឹក ចំបាប់កាច់ដៃ អត្តពលិក និងក្រុមប្រណាំងទូកនាគ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.