កូនក្រុម Sir Alex Ferguson ៤រូបដែលអភិវឌ្ឍខ្លួនពីកីឡាករមកជាគ្រូបង្វឹកនាពេលកន្លងមក

1 year ago​ | ដោយ V-Dr

ក្នុងនាមជាអតីតខ្សែប្រយុទ្ធក្រុម Man.United និងជាវីរបុរសក្រុមបិសាចក្រហម Ole Gunnar Solskjaer ត្រូវបានក្លឹបប្រកាសជាផ្លូវការណ៏នៅថ្ងៃទី១៩ ធ្នូ ២០១៨ នេះដើម្បីតែងតាំងជាអ្នកចាត់ការទូទៅដើម្បីដឹកនាំក្រុមរហូតបំណាច់រដូវកាល(២០១៨-២០១៩)។ បុរសសញ្ជាតិន័រវែស វ័យ ៤៥ឆ្នាំរូបនេះបានចូលមកបំពេញតួនាទីជំនួសអតីតគ្រូបង្វឹកលោក Jose Mourinho ដែលត្រូវក្រុមបញ្ចប់តួនាទីកាលពីថ្ងៃអង្គារ ស្របពេលលោក Ed Woodward និងក្រុមប្រឹក្សាដឹកនាំរបស់ក្លឹបកំពុងស្វែងរកអ្នកចាត់ការស្នងដំណែងថ្មីជាអចិន្រ្តៃយ៍។

លោក Solskjaer កាលពីពេលថ្មីៗនេះគឺជាអ្នក កាន់ការងារដឹកនាំក្រុម Molde ជាក្លឹបនៅស្រុកកំណើត ខណៈដែលលោកធ្លាប់មានប្រវត្តិដឹកនាំក្រុម Cardiff City ប៉ុន្តែបានបរាជ័យនិងត្រូវបានកាត់ទៅលេងនៅក្របខណ្ឌលំដាប់ទី២ នៅរដូវកាល២០១៣-២០១៤។ ជាសក្ខីកម្មសបញ្ជាក់ថាលោកបាន វិវឌ្ឍខ្លួនជាសិស្សម្នាក់របស់ គ្រូបង្វឹក Alex Ferguson ប្រែក្លាយជាគ្រូបង្វឹកក្រោយបញ្ចប់អាជីពជាមួយក្រុម Man.United។

ខាងក្រោមនេះជាអតីតកីឡាករលោក Sir Alex Ferguson ៤រូបដែលបានឈានជើងចាប់អាជីពជាគ្រូបង្វឹកនាពេលកន្លងមក៖

១. Mark Hughes

ក្នុងនាមជាអតីតខ្សែប្រយុទ្ធរបស់លោក Sir Alex Ferguson លោក Mark Hughes អតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិវេលធ្លាប់បានដឹកនាំក្រុម Blackburn Rover(២០០៤-២០០៩)ជួយក្រុមចូលលេងនៅក្របខណ្ឌ UEFA Cup នាឆ្នាំ២០០៦, ក្រុម Man.City បានរយៈពេល ១ឆ្នាំ (ត្រូវបានក្លឹបបណ្តេញចេញនៅខែធ្នូ ឆ្នាំ២០០៩) ក្រោយមកទៀតបានមកដឹកនាំក្រុម Fulham បានមួយរដូវកាលអោយទទួលបានចំណាត់ថ្នាក់លេខ៨។ ក្រោយមកទៀតលោក Hughes បានដឹកនាំក្រុម QPR នៅឆ្នាំ២០១២។ បន្តមកទៀតគ្រូបង្វឹកវ័យ ៥៥ឆ្នាំរូបនេះបានមកដឹកនាំក្រុម Stoke បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៩ ពោល ៣រដូវកាលជាប់គ្នាកំលុងឆ្នាំ២០១៣-២០១៦។ បច្ចុប្បន្នលោក Hughes មិនមានក្លឹបដឹកនាំ ក្រោយកាន់តួនាទីរយៈពេល ៨ខែត្រូវក្លឹប Southampton បណ្តេញចេញកាលពីពេលថ្មីៗនេះ។

២. Gary Neville

អតីតខ្សែការពារស្តាំនិងជាប្រធានក្រុម Man.United ធ្លាប់ធ្វើការងារជាពិធីករវិភាគកីឡាបាល់ទាត់អោយទូរទស្សន៏ Sky Sports មុនពេលចូលទៅដឹកនាំក្រុម Valencia នៅខែធ្នូ ឆ្នាំ២០១៥។ មិនទទួលបានលទ្ធផលគាប់ប្រសើរទេ Neville ត្រូវបានក្រុម Valencia បញ្ចប់តួនាទីនៅខែមិនា ឆ្នាំ២០១៦ ក្រោយដឹកនាំក្រុម ២៨ប្រកួតនិងទទួលជោគជ័យបានតែ ១០ដងនោះ។ ទីបំផុត Gary Neville បានត្រលប់មកអង់គ្លេសវិញដើម្បីទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិតពីសាកលវីទ្យាល័យ Salford ជាមួយប្អូនប្រុស Philipe Neville, Ryan Giggs, Paul Schole និង Nicky Butt។

៣. Roy Keane

អតីតកីឡាករអន្តរជាតិអៀឡង់រូបនេះធ្លាប់លេងជាខ្សែបម្រើ និងដើរតួនាទីជាប្រធានក្រុម Man.United ព្រមទាំងធ្លាប់ ជួយក្រុមលើកពាន ១៧ផ្សេងគ្នា។ ក្រោយចូលនិវត្តន៏នៅឆ្នាំ២០០៦ មិនបង្អង់អោយខាតពេលយូរ Keane បានឈោងចាប់អាជីពជាគ្រូវបង្វឹកដឹកនាំក្រុម Sunderland ២រដូវកាល(២០០៦-២០០៨) និងចំនុចដែលលេចធ្លោគឺបាននាំក្រុមពីចំណាត់ថ្នាក់លេខរៀងទី២៣ នៅក្របខណ្ឌលំដាប់ទី២ Champion Ship មកលេងនៅក្របខណ្ឌកំពូល English Premier League មិនបានយូរប៉ុន្មានគាត់បានលាលែងពីក្រុមនៅខែធ្នូ ឆ្នាំ២០០៨។ ក្រោយមកទៀតនៅរដូវកាល២០០៩-២០១០ Keane បានបន្តចាប់តួនាទីជាគ្រូបង្វឹកក្រុម Ipswich Town(២០០៩-២០១០) ដោយមិនទទួលបានជ័យជំនះសោះក្នុងការប្រកួត ១៤លើករួចក៏បានឈានដល់ទីបញ្ចប់ជាមួយក្រុម ហើយបន្តមកទៀតបានចាប់អាជីពជាជំនួយការក្រុមជម្រើសជាតិអៀឡង់លោក Martin Oneal ចាប់តាំងពីឆ្នាំ២០១៤-២០១៨ និងទើបតែប្រកាសលាលែងកាលពីខែធ្នូ ២០១៨នេះ។

៤. Ryan Giggs

នៅពេលដែលលោក David Moyes ត្រូវបានបញ្ចប់តួនាទីកាលពីឆ្នាំ២០១៤ មានអ្នកគាំទ្រនិងប្រិយមិត្តបាល់ទាត់ យល់ឃើញថា Giggs សក្តិសមនិងទទួលយកតួនាទីជាគ្រូបង្វឹកនោះ ប៉ុន្តែទីបំផុតក្រុមបានជ្រើសរើសយកលោក Luis Van Gaal ប៉ុន្តែយ៉ាងណាមិញ Gigg ក៏បានបន្តតួនាទីជាជំនួសការរបស់អតីតគ្រូបង្វឹកសញ្ជាតិហូឡង់រូបនោះដែរ។ ប៉ុន្តែក្រោយពីក្រុមបញ្ចប់តំណែងលោក Van Gaal នៅឆ្នាំ២០១៦ អនុប្រធានគ្រប់គ្រងទូទៅរបស់ក្រុមលោក Ed WoodWard បានមើលរំលងកីឡាករដែលធ្លាប់ជួយក្រុមលើកពាន Premier League ១៣សម័យ Ryan Giggs ហើយតែងតាំងលោក Jose Mourinho នៅឆ្នាំ២០១៦ នោះ។ បច្ចុប្បន្នក្នុងនាមជាគ្រូបង្វឹកវេលក្រោយចូលមកជំនួសតំណែង Chris Coleman លោក Ryan Giggs ដឹកនាំឈ្នះបានតែ ៣ប្រកួត ខណៈការប្រកួត ៥ដងចុងក្រោយក្រុមបរាជ័យ ៤ដងទៅហើយនោះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ besoccer

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.