កីឡាករ ១១រូបដែលលោក Jose Mourinho ចុះហត្ថលេខានាំយក ពេលដឹកនាំ Man.United

1 year ago​ | ដោយ V-Dr

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Jose Mourinho បានចុះហត្ថលេខាលើកីឡាករចំនួន ១១នាក់ ក្នុងអំឡុងពេលដឹកនាំនៅទឹកដី Old Trafford ជាមួយនឹងភាពជោគជ័យផ្សេងៗគ្នានាពេលកន្លងមក។ ក្រោយពីលោក Jose Mourinho ត្រូវបានក្លឹបចែកផ្លូវគ្នា ពីតួនាទីជាអ្នកចាត់ការក្រុម Manchester United នាថ្ងៃអង្គារទី១៨ ធ្នូ ២០១៨ ម្សិលមិញនេះ។ ទោះបីជាបានចំណាយប្រាក់ច្រើននាំយកកីឡាករមករួមក្រុម លោក Mourinho ក៏បានសាងស្នាដៃមួយចំនួនដូចជា ជួយអោយ Man.United ឈ្នះពាន៣(EFL Cup, UEFA Europa League, Community Shield)នាពេលកន្លងមកដែរ។

ខាងក្រោមនេះជាកីឡាករទាំង ១១រូបដែលគាត់បាននាំយកមកកាន់ទឹកដី Old Traffordកំលុងពេលជាង ២ឆ្នាំមកនេះ:

១. Eric Bailly

Bailly គឺជាកីឡាករលេងតួនាទីនៅខ្សែការពារដែលលោក Mourinho ការចុះហត្ថលេខាលើកដំបូង មកពីក្រុម Villlareal ក្នុងតម្លៃ ៣០លានផោននៅខែមិថុនា ឆ្នាំ២០១៦។ ត្រូវបានចាត់ទុកថាជាខ្សែការពារកណ្តាលដ៏ល្អបំផុតរបស់ Man United រដូវកាលដំបូង ប៉ុន្តែចាប់ផ្តើមរដូវកាល(២០១៨-២០១៩)នេះ Bailly បានបង្ហាញខ្លួន ១ដងគត់ក្នុងការបរាជ័យជាមួយក្រុម Brighton និងលេងបាន ១៩នាទីជាមួយ Newcastle ក៏ត្រូវបានផ្លាស់ចេញទៀត។

២. Zlatan Ibrahimovic

ខ្សែប្រយុទ្ធជើងចាស់រូបនេះបានមកដល់ទឹកដី Old Trafford ដោយគ្មានតម្លៃខ្លួន និងជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្លឹបនៅរដូវកាលមុន និងបានជួយក្រុមឈ្នះពាន League Cup និង Europa League។ ទោះជាយ៉ាងណារបួសជង្គង់ដ៏រាំរៃ បានរារាំងដល់អាជីពរបស់គេមុននឹង Zlatan សម្រេចចិត្តចាកចេញពីក្លឹប Man.United ទៅចូលរួមជាមួយ LA Galaxy នៅលីកកំពូលអាមេរិកនោះ។

៣. Henrikh Mkhitaryan

Mkhitaryan បានផ្ទេរពីក្រុម Dormund មកកាន់កីឡាដ្ឋាន Old Trafford ក្នុងតម្លៃ ៣០លានផោន និងបានចំណាយពេល ត្រឹមតែ ១៨ខែប៉ុណ្ណោះ ក៏ត្រូវលោក Mourinho សម្រេចធ្វើការចរចារដោះដូរគ្នាក្នុងគោល បំណងនាំយកខ្សែបម្រើ-ប្រយុទ្ធ Alexis Sanchez មកវិញ។

៤. Paul Pogba

Pogba ត្រូវបានលោក Mourinho នាំយកពីក្លឹប Juventus មកកាន់ក្រុមបិសាចក្រហម Man.United វិញ ក្នុងតម្លៃខ្លួន ៨៩លានផោន និងជាតម្លៃថ្លៃបំផុតក្នុងពិភពបាល់ទាត់នាពេលនោះ។លោក Mourinho បានទទួលលទ្ធផលជាផ្លែផ្កាផងដែរក្រោយការខិតខំប្រឹងប្រែងធ្វើការរួមគ្នាជាមួយ Pogba ពិសេស គឺការឈ្នះពានរង្វាន់ប្រវត្តិសាស្រ្ត Europa League ដែលក្រុមមិនធ្លាប់ឈ្នះ។យ៉ាងណាមិញទំនាក់ទំនាងរវាង គ្រូនិងកូនសិស្សបានឈានដល់ភាពល្អក់កករនឹងគ្នា និងមិនមានដំណោះស្រាយរឺច្រកចេញរហូតដល់ការដឹកនាំប្រកួតចុងក្រោយជាមួយ Liverpool គឺ Pogba អង្គុយជាកៅអីបម្រុងពេញ ៩០នាទីតែម្តង។

៥. Victor Lindelof

Lindelof បានផ្ទេរពីក្រុម Benfica នៅលីកកំពូលព័រទុយហ្គាល់មក Man.United ក្នុងតម្លៃខ្លួន ៣០លានផោន ផងដែរ។ ក្រោយការមកដល់ក្របខណ្ឌ Premier League ទម្រង់លេងមិនបានធ្វើអោយជីវិតរបស់គេប្រសើរឡើងនោះទេ។ Lindelof និង Smalling បានក្លាយជាកីឡាករដែលលោក Mourinho ចង់ប្រដុំប្រសង ចាប់ដៃគូគ្នានៅខ្សែការពារ ប៉ុន្តែបញ្ហារបួសបានធ្វើអោយពួកគេពីបាកក្នុងការលេងព្រមគ្នាបានញឺកញាប់។

៦. Romelu Lukaku

លោក Mourinho មិនមែនជាអ្នកគាំទ្រអតីតខ្សែប្រយុទ្ធនៅក្លិបតោខៀវនោះទេ ប៉ុន្តែទីបំផុតក្រុមបានចំណាយប្រាក់ ៧៥លានផោនដើម្បីចូលរួមជាមួយគ្នាម្តងទៀតនៅ Old Trafford ក្នុងខែកក្កដា ឆ្នាំ២០១៧។ កីឡាករអន្តរជាតិបែលហ្សិករូបនេះ ស៊ុតបញ្ចូលទី ២៧គ្រាប់ក្នុងរដូវកាលដំបូងរបស់គាត់នៅក្លឹប និងទទួលបានការកោតសរសើរពីលោក Mourinho។ សម្រាប់រដូវកាលថ្មីនេះរូបគេហាក់ខ្សត់គ្រាប់បាល់និងរកបានតែ ២គ្រាប់ប៉ុណ្ណោះ ក្នុងចំណោមគ្រាប់បាល់សរុប ៦គ្រាប់គិតចាប់តាំងពីខកខានស៊ុតបញ្ចូលទីនៅខែកញ្ញា ២០១៨ មកម្លេះ។

៧. Nemanja Matic

លោក​ Mourinho ធ្លាប់មានទំនុកចិត្តជាមួយកីឡាករអន្តរជាតិសែរប៊ី Matic កំលុងពេលពួកគេធ្វើការរួមគ្នានៅក្លឹប Chelsea ហើយលោក Mourinho បានចាត់ទុកខ្សែបម្រើ-ការពាររូបនេះគឺជាកីឡាករមិនធម្មតារបស់ខ្លួន។ ទីបំផុតអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់បានសម្រេចជ្រកក្រោមទ្រនំជាមួយ Matic នៅកីឡាដ្ឋាន Old Trafford សាជាថ្មីក្នុងទឹកប្រាក ៤០លានផោន ។

៨. Alexis Sanchez

ជាផ្នែកមួយនៃកិច្ចសន្យាដោះដូររវាង Mkhitaryan ប៉ុន្តែ Sachez ព្រមសម្រេចចិត្តចូលរួមជាមួយ Man.United នៅដើមឆ្នាំ២០១៨ មូលហេតុគឺតម្លៃឈ្នួលពលកម្មរបស់ខ្លួនជាមូលហេតុចម្បង។ក្រោយមកដល់ Old Trafford ខ្សែបម្រើ-ប្រយុទ្ធឈីលីរូបនេះ បានខិតខំព្យាយាមបន្សាំខ្លួនចូលទៅក្នុងទម្រង់ និងរបៀបលេងរបស់ក្រុម ប៉ុន្តែអតីកីឡាករ Barcelona, Arsenal រូបនេះហាក់ មិនអាចសម្របខ្លួន និងការលេងទៀងទាត់នៅក្នុងជម្រើស ១១នាក់ដំបូង បែរជាជាប់កីឡាករបម្រុង ព្រមទាំងអវត្តមានមួយរយៈចុងក្រោយដោយសាររបួសផងដែរ។

៩. Fred

ក្លិប Man United បានចំណាយប្រាក់ ៥៥ លានផោនដើម្បីចុះហត្ថលេខាលើខ្សែបម្រើអន្តរជាតិប្រេស៊ីលរូបនេះពីក្លិប Shakhtar Donetsk នៅរដូវក្តៅនេះ។ យ៉ាងណាមិញFredនៅមិនទាន់បានបង្ហាញទម្រង់លេងគួរជាទីទាក់ភ្នែកនៅរដូវកាលនេះសម្រាប់ប្រិយមិត្តគាំទ្រ និង ក្លឹបនៅឡើយទេ ។

១០. Diogo Dalot

ខ្សែការពារស្តាំ(Right-Back)វ័យក្មេងរូបនេះធ្លាប់លេងអោយក្លឹប Por មុនពេល Man United ចំណាយប្រាក់ ១៩លានផោននាំយករូបគេមករួមក្រុមនៅរដូវក្តៅនេះ។ Dalot បានរងរបួស ភាគច្រើននៃរដូវកាលនេះ និងមានឪកាសក្នុងការបង្ហាញខ្លួនពេញលេញនៅក្របខណ្ឌ Premier League កាលពីថ្ងៃទី៥ ខែធ្នូ កំលុងការប្រកួត ជាមួយក្រុម Arsenal តែប៉ុណ្ណោះ។

១១. Lee Grant

លោក Mourinho បានចុះហត្ថលេខានាំយក Grant ពី Stoke ដែលរូបគេជាជម្រើសទី២ បន្ទាប់ពី Jack Butland ក្នុងតម្លៃខ្លួន ១.៥លានផោននៅរដូវក្តៅនេះ។ មកដល់ Man.United គាត់នៅតែជាជម្រើសទី២ បន្ទាប់ពីអ្នកចាមទីដៃទី១ David De Gea រហូតដល់កីឡាករ Sergio Romero បានវិលត្រឡប់ពីរបួសវិញ។ រដូវកាលថ្មីនេះ Grant បង្ហាញខ្លួន បានតែមួយប្រកួតនៅ Carabao Cup នៅផ្ទះខ្លួនឯងក្នុងក្របខ័ណ្ឌ Championship ចាញ់ក្រុម Derby Country ៨-៧ លើការស៊ុតបាល់ប៉េណាល់ទីបន្ទាប់ពីស្មើ ២-២។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ independent

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.