v9
V9BET

Vardy ថា Leicester ឈ្នះ Liverpool យប់មិញនេះ ព្រោះមិនចង់ឮព័ត៌មានអាក្រក់ ជុំវិញការបណ្តេញលោក Claudio Ranieri

3 years ago​ | ដោយ Dara

ខ្សែប្រយុទ្ធ Jamie Vardy របស់ក្រុម Leicester City បាននិយាយថា ការទទួលជ័យជម្នះក្នុងលទ្ធផល ៣-១ របស់ក្រុមខ្លួនលើក្រុម Liverpool កាលពីរាត្រីថ្ងៃចន្ទ គឺជាការបញ្ចេញប្រតិកម្មមួយចំពោះព័ត៌មានមិនល្អជុំវិញការបណ្តេញលោក Claudio Ranieri ពីតំណែងក្នុងនាមជាអ្នកចាត់ការទូទៅ។

លោក Ranieri ត្រូវបានបណ្តេញចេញកាលពីថ្ងៃព្រហស្បតិ៍ ពោលគឺតិចជាងរយៈពេល១០ខែ ក្រោយពីក្រុម Leicester បានឈ្នះពានក្របខ័ណ្ឌកំពូលដ៏មិននឹកស្មានដល់ បន្ទាប់ពីការចាញ់៥លើកជាប់ៗគ្នា បានធ្វើឲ្យក្រុមនេះធ្លាក់ចូលក្នុងតំបន់កាត់ចោល។ ព័ត៌មានជាច្រើនបានចេញផ្សាយថា លោក Ranieri បានបាត់បង់ការជឿជាក់ពីកីឡាកររបស់ក្រុម Leicester ប៉ុន្តែ Vardy ដែលបានស៊ុតបាល់បញ្ចូលទី២គ្រាប់ បានបញ្ជាក់ថា ការរិះគន់នេះ មិនមានភាពត្រឹមត្រូវឡើយ។

Vardy បានប្រាប់ទូរទស្សន៍ Sky Sports នៅកីឡដ្ឋាន King Power ថា៖ «យើងបានទទួលនូវទង្វើរមិនយុត្តិធម៌ពីសំណាក់ក្រុមបណ្តាញសារព័ត៌មាន ប៉ុន្តែ អ្នកបានឃើញស្រាប់ហើយថា កីឡាករទាំងអស់ចង់បញ្ចេញប្រតិកម្ម»។ ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះ បានប្រាប់បន្តថា៖ «ការបង្ហាញពីទម្រង់លេងរបស់យើង គឺជាការបញ្ចេញប្រតិកម្ម ហើយយើងចង់ធ្វើវាឲ្យបានរឹងមាំ។ ខ្ញុំមិនអាចពន្យល់បានឡើយថា ហេតុអ្វីបានជាយើងលេងមិនបានល្អឲ្យបានទៀងទាត់។ យើងបានខិតខំយ៉ាងខ្លាំង ប៉ុន្តែ ធ្វើមិនបានសម្រេច»។ Vardy បានរកគ្រាប់បាល់ទាំងពីរគ្រាប់របស់គេនៅចន្លោះគ្រាប់បាល់របស់ខ្សែបម្រើ Danny Drinkwater ខណៈដែលក្រុម Leicester បានបញ្ចប់ការរងបរាជ័យក្នុងលីកត្រឹម៥ប្រកួតជាប់ៗគ្នា ដើម្បីឡើងទៅឈរលេខ១៥នៅលើតារាង ដោយនាំមុខ២ពិន្ទុពីលើក្រុមស្ថិតក្នុងតំបន់កាត់ចោល ខណៈដែល Liverpool នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ដដែល ដោយមាន៤៨ពិន្ទុ៕

ប្រភពព័ត៌មាន៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.